ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រសួងពាណិជ្ជកម្មចុះអនុស្សរណៈនិង​អង្គការពាណិជ្ជកម្មក្រៅស្រុកជប៉ុនដើម្បីពង្រីកទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្ម

ក្រសួងពាណិជ្ជកម្ម និងអង្គការពាណិជ្ជកម្មក្រៅស្រុកជប៉ុន (JETRO)បានចុះអនុស្សរណៈនៃការយោគយល់គ្នាកាលពី​​ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ ដើម្បីពង្រីកទំនាក់ទំនងសេដ្ឋកិច្ច-ពា​​ណិ​​​ជ្ជកម្មរវាងប្រទេសទាំងពីរ និងជំរុញបរិយាកាសធុរកិច្ចល្អសម្រាប់ទាក់ទាញក្រុមហ៊ុនឯកជនពីប្រទេសជប៉ុនមកកម្ពុជា។

លោក​​ ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងថា «អំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែយកចិត្តទុកដាក់ និងជួយដល់ប្រជាជនកម្ពុជា»។

លោក​​បានបញ្ជាក់ថា អនុស្សរណៈនេះនឹងជួយពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យជំរុញពាណិជ្ជកម្ម វិនិយោគ និងការអភិវឌ្ឍឧស្សាហកម្ម ក្នុងគោលបំណងបង្កើតនូវភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងក្រសួងពាណិជ្ជកម្ម និង JETRO។

JETRO បានអនុវត្តនៅកម្ពុជារួមមាន ការផ្គូផ្គងធុរកិច្ច ការសិក្សាវិភាគការចូលរួមក្នុងពិព័រណ៍ពាណិជ្ជកម្មក្នុងស្រុក ការសម្របសម្រួលបញ្ហាជូនក្រុមហ៊ុនជប៉ុន ការបណ្ដុះបណ្ដាលមន្ត្រី និងវិស័យឯក​ជន និងការជួយដល់ក្រុមហ៊ុនកម្ពុជាចូលរួមក្នុងពិព័រណ៍ជប៉ុន។

លោក​រដ្ឋមន្រ្តី​​​បាន​​​លើក​ឡើង​ថា តាមរយៈការខិតខំប្រឹងប្រែងប្រមូលព័ត៌មានពិតពីទីផ្សារកម្ពុជារបស់ JETRO បានផ្ដល់ទំនុកចិត្តដល់ក្រុមហ៊ុន Aeon មកវិនិយោគផ្សារទំនើបនៅកម្ពុជាជាបន្តបន្ទាប់​ ហើយការបង្កើតផ្សារទំនើប Aeon នេះដែរបានយកមកជាមួយនូវស្ដង់ដារល្អៗដូចជាស្ដង់ដារអនាម័យជាដើម មកប្រើប្រាស់ក្នុងទីផ្សារកម្ពុជាដែលជាតម្លៃបន្ថែមមួយនៃការវិនិយោគនេះ។

សម្រាប់ លោកស្រីបណ្ឌិត យូរី សាតូ (Yuri Sato) នាយករងនៃអង្គការ JETRO បានសាទរ ចំពោះ​​នូវកំណែទម្រង់មួយចំនួន ដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនិងអនុវត្តក្នុងការសម្រួលដល់ការប្រកបធុរកិច្ច និងពាណិជ្ជកម្ម ដែលនេះជាសញ្ញាវិជ្ជមានដែលលោកស្រីនឹងពាំនាំទៅផ្សព្វផ្សាយ។

JETRO មានការងារថ្មីមួយដែល JETRO នឹងអនុវត្ត គឺការជំរុញនវានុវត្តន៍ និងការបង្កើតក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលថ្មីៗ (Innovation and Digital Technology Startup) ជាមួយនឹងការផ្គូផ្គងធុរកិច្ច​ក្នុងវិស័យនវានុវត្តន៍។

សូមបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នាដែលបានចុះនាពេលនេះ ជាការធ្វើបច្ចុប្បន្នភាពលើអនុស្សរណៈដែលក្រសួងពាណិជ្ជកម្ម និងអង្គការ JETRO បានចុះកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០០៩។

កិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ បានរួមចំណែកដល់កំណើននៃទំហំពាណិជ្ជកម្មរវាងកម្ពុជា និងជប៉ុន ដែលក្នុងឆ្នាំ២០០៩ មានចំនួនតិចតួច ហើយក្នុងឆ្នាំ២០១៨បានកើនឡើងដល់ចំនួនប្រមាណ ១,៦ ប៊ីលានដុល្លារសហរដ្ឋអាមេរិក។