លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា សម្រាប់កិច្ចប្រជុំនៅព្រឹកថ្ងៃទី៦ ខែកញ្ញាឆ្នាំ២០១៩នេះភាគីនិយោជកបានលើកយកតួលេខចំនួន ១៨៤ដុល្លារ និងភាគីសហជីពចំនួន ១៩៩ដុល្លារអាមេរិកសម្រាប់ប្រាក់ឈ្នួលអប្បបរមា ឆ្នាំ២០២០ខាងមុខ។
លោកបានមានប្រសាសន៍ទៀតថា« សម្រាប់តួលេខលើកឡើងរវាងភាគីនិយោជកនិងសហជីពនៅថ្ងៃនេះមិនចម្លែកទេប្រៀបធៀបឆ្នាំកន្លងទៅដែលជាទូទៅភាគីនីមួយៗតែងតែបង្ហាញតួរលេខផ្តើមចេញពីខ្ពស់ រីឯម្ខាងទៀតផ្តើមចេញពីទាបហើយអ្វីទាំងអស់នេះយើងនឹងកែសម្រួលគោលជំហរបន្តទៀតនៅពេលប្រជុំថ្ងៃខាងមុខ ដោយយោងទៅតាមលក្ខណៈវិនិច្ឆ័យតាមបែបសង្គមនិងសេដ្ឋកិច្ច ដែលយើងឯកភាពគ្នាកន្លងមក»។
លោក កាំង ម៉ូនីកា តំណាងឲ្យភាគីនិយោជក បានចាត់ទុកថា ការតម្លើងប្រាក់ឈ្នួល ត្រូវមើលពីទិដ្ឋភាពជាក់ស្តែងរបស់សេដ្ឋកិច្ចរបស់កម្ពុជា ដែលត្រូវប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់ បើទោះថាការតម្លើងនេះតែលើវិស័យកាត់ដេរ និងស្បែកជើងតែអាចប៉ះពាល់ដល់វិស័យសេដ្ឋកិច្ចប្រទេសទាំងមូលតែម្តង។
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបើកកិច្ចចរចាបន្តទៀតនៅថ្ងៃទី១២ ខែកញ្ញាខាងមុខ វេលាម៉ោង៣រសៀល។ គិតត្រឹមឆ្នាំ២០១៩នេះ ប្រាក់ឈ្នួលអប្បបរមាវិស័យកាត់ដេរ សម្លៀកបំពាក់ និងផលិតស្បែកជើង មានចំនួន ១៨២ដុល្លារ ក្នុងមួយខែ៕