ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២០ មិនទាន់​មានការឯកភាព​និងស្ថិតត​នៅ​​​​​មានគន្លាតគ្នា១៥ដុល្លារ

លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសា​​​សន៍​​ថា សម្រាប់កិច្ចប្រជុំនៅព្រឹកថ្ងៃទី៦ ខែកញ្ញាឆ្នាំ២០១៩នេះភាគីនិយោជកបានលើកយកតួលេខចំនួន ១៨៤ដុល្លារ និងភាគីសហជីពចំនួន ១៩៩ដុល្លារអាមេរិកសម្រាប់ប្រាក់ឈ្នួលអប្បបរមា ឆ្នាំ២០២០ខាងមុខ។

លោកបាន​មានប្រសាសន៍ទៀតថា« សម្រាប់តួលេខលើកឡើងរវាងភាគីនិយោជកនិងសហជីពនៅថ្ងៃនេះមិនចម្លែកទេប្រៀបធៀបឆ្នាំកន្លងទៅដែលជាទូទៅភាគីនីមួយៗតែងតែបង្ហាញតួរ​លេខ​​ផ្តើមចេញពីខ្ពស់ រីឯម្ខាងទៀតផ្តើមចេញពីទាបហើយអ្វីទាំងអស់នេះយើងនឹងកែសម្រួលគោលជំហរបន្តទៀតនៅពេលប្រជុំថ្ងៃខាងមុខ ដោយយោងទៅតាមលក្ខណៈវិនិច្ឆ័យតាមបែបសង្គមនិងសេដ្ឋកិច្ច ដែលយើងឯកភាពគ្នាកន្លងមក»។

លោក កាំង ម៉ូនីកា តំណាងឲ្យភាគីនិយោជក បានចាត់ទុក​​ថា ការតម្លើងប្រាក់ឈ្នួល ត្រូវមើលពីទិដ្ឋភាពជាក់ស្តែងរបស់សេដ្ឋកិច្ចរបស់កម្ពុជា ដែលត្រូវប្រកួតប្រជែងជាមួយប្រទេសក្នុងតំ​បន់ បើទោះថាការតម្លើងនេះតែលើវិស័យកាត់ដេរ និងស្បែកជើងតែអាចប៉ះពាល់ដល់វិស័យសេដ្ឋកិច្ចប្រទេសទាំងមូលតែម្តង។

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបើកកិច្ចចរចាបន្តទៀតនៅថ្ងៃទី១២ ខែកញ្ញាខាងមុខ វេលាម៉ោង៣រសៀល។ គិតត្រឹមឆ្នាំ២០១៩នេះ ប្រាក់ឈ្នួលអប្បបរមាវិស័យកាត់ដេរ សម្លៀកបំពាក់ និងផលិតស្បែកជើង មានចំនួន ១៨២ដុល្លារ ក្នុងមួយខែ៕