ភ្នំពេញ៖លោក ថងលូន ស៊ីស៊ូលីត (Thongloun Sisoulith) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានអញ្ជើយមកដល់ព្រះរាជាណាចក្រកម្ពុជានៅម៉ោងជិត ១០ព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩។
សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលធ្វើបដិសណ្ឋារកិច្ចផ្លូវការ ដល់លោក ថងលូន ស៊ីស៊ូលីត នៅវិមានសន្តិភាព រាជធានីភ្នំពេញ ។
តាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកាលពីថ្ងៃទី១១ ខែកញ្ញានេះ បានឲ្យដឹងថា នាយករដ្ឋមន្ត្រីឡាវ បានដឹកនាំគណៈប្រតិភូ មកបំពេញទស្សនកិច្ចផ្លូវការរយៈពេល ២ថ្ងៃ នៅថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០១៩ នៅកម្ពុជា។ បន្ទាប់ពីពិធីបដិសណ្ឋារកិច្ច សម្តេចតេជោ ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រីឡាវ បានបើកកិច្ចប្រជុំពិភាក្សាការងារ មុននឹងធ្វើជាសាក្សី ក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួន។
ក្រសួងការបរទេស បន្ថែមថា ដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមបណ្ឌិត ថងលូន ស៊ីស៊ូលីត នៅកម្ពុជា នឹងរួមចំណែកកាន់តែប្រសើរក្នុងការពង្រឹង និងពង្រីកបន្ថែមទៀត នូវចំណងមិត្តភាពជាប្រពៃណីដ៏យូរលង់ សាមគ្គីភាព ភាតរភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា រវាងកម្ពុជា និងឡាវ ។
ក្នុងអំឡុងទស្សនកិច្ចនេះលោកនាយករដ្ឋមន្ត្រីឡាវ នឹងចូលជួបសំដែងការគួរសមដាច់ដោយឡែកពីគ្នា ចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។
នាយករដ្ឋមន្ត្រីទាំងពីរ នឹងមានកិច្ចប្រជុំទ្វេភាគី ដែលផ្តោតការពិភាក្សាលើទិដ្ឋភាពផ្សេងៗនៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងបញ្ហាព្រំដែន។ ក្រោយកិច្ចប្រជុំ នាយករដ្ឋមន្ត្រីទាំងពីរ នឹងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួន និងធ្វើសេចក្តីប្រកាសព័ត៌មានរួមគ្នា។
ក្រសួងការបរទេស បន្ថែមថា ក្នុងអំឡុងពេលស្នាក់នៅរាជធានីភ្នំពេញនាយករដ្ឋមន្ត្រីឡាវ នឹងអញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ និងគោរពព្រះវិញ្ញាណក្ខន្ធ នៅមណ្ឌបព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា៕