សមាជិកសភាតំណាងរាស្ត្ររបស់សហរដ្ឋអាមេរិក មកពីគណបក្សប្រជាធិបតេយ្យ Jim McGovern បានអោយដឹងថា គម្រោងសាងសង់របងព្រំដែនជាប់ជាមួយប្រទេសម៉ិកស៊ិក អាចចំណាយទឹកប្រាក់រហូតដល់ជាង២៣ពាន់លានដុល្លារអាមេរិក ដែលជាចំនូនច្រើនបំផុតមិនអាចទទួលយកបាន ។
ស្របពេលជាមួយគ្នានេះដែរ ប្រព័ន្ធផ្សព្វផ្សាយ Reuters/Ipsos poll បានធ្វើការស្ទង់មតិមួយ ដោយលទ្ធផលបានបង្ហាញថា ប្រជាពលរដ្ឋអាមេរិកកាន់តែច្រើន បានបង្ហាញនូវការខឹងសម្បា និងស្តីបន្ទោសលោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានសម្រេចបិទសកម្មភាពរដ្ឋាភិបាលក្នុងផ្នែកខ្លះ ។
ការស្ទង់មតិនេះ ត្រូវបានធ្វើឡើងក្នុងចន្លោះពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែធ្នូ ចុងឆ្នាំ២០១៨នេះ ដោយលទ្ធផលនៃការស្ទង់មតិបានបង្ហាញថា យុវជនអាមេរិក៤៧ភាគរយគាំទ្រចំណាត់ការរបស់លោក ត្រាំ ខណៈដែលយុវជន៣៣ភាគរយមិនគាំទ្រចំណាត់ការនេះ ។
មូលហេតុដែលនាំឲ្យលោក ត្រាំ សម្រេចបិទសកម្មភាពក្នុងផ្នែកខ្លះនៃរដ្ឋាភិបាល គឺដោយសារតែព្រឹទ្ធសភាអាមេរិក មិនអនុម័តផ្តល់ទឹកប្រាក់៥ពាន់លានដុល្លារឲ្យលោក ត្រាំ យកទៅធ្វើរបងព្រំដែនជាមួយប្រទេសម៉ិកស៊ិក ៕