ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋមន្រ្តីក្រសួងកសិកម្ម ប្រគល់ទូកម៉ាស៊ីនចំនួន ១០០គ្រឿងដល់សហគមន៍នេសាទចំនួន៥០នៅខេត្តក្រចេះ និងស្ទឹងត្រែង

 

លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមនឹងអាជ្ញាធរមូលរដ្ឋានក្នុងខេត្តក្រចេះបានប្រគល់ទូកម៉ាស៊ីនចំនួន ១០០គ្រឿងចែកជូនប្រជាសហគមន៍នេសាទចំនួន ៥០ ដែលអញ្ជើញមកពីខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ដែលពិធីនេះបាន ប្រារព្វនៅក្នុងបរិវេណមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០១៩។

លោក អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល បានរាយការណ៍ជូនអង្គពិធីជ្រាបថាវិស័យជលផលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ សន្តិសុខស្បៀង អាហារូបត្ថម្ភ និងផ្តល់មុខរបរដល់ប្រជាពលរដ្ឋ។

លោកបានបញ្ជាក់ថា ដោយមើលឃើញពីសារសំខាន់នេះ ទើបរាជរដ្ឋាភិបាលបានទទួលហិរញ្ញប្បទានពីធនាគារពិភពលោក ដើម្បីគាំទ្រដល់ការអនុវត្តគម្រោងស្តីពី “ការគ្រប់គ្រងធនធានទឹកចម្រុះទន្លេមេគង្គដំណាក់កាលទី៣” ។

ជាក់ស្តែងការចែកទូកម៉ាស៊ីននាថ្ងៃនេះគឺជាសក្ខីភាព ក្នុងនោះទូកម៉ាស៊ីនចំនួន ៥០គ្រឿងសម្រាប់សហគមន៍នេសាទចំនួន២៥ ក្នុងខេត្តក្រចេះ និង ៥០ គ្រឿងទៀតផ្តល់ជូនសហគមន៍នេសាទចំនួន២៥ ក្នុងខេត្តស្ទឹងត្រែង។ លើសពីនេះសហគមន៍នេសាទនឹងទទួលបានសម្ភារមួយឈុត និងថវិកាមួយចំនួនទៀតសម្រាប់ចំណាយលើប្រតិបត្តិការងាររបស់ខ្លួនឲ្យមានដំណើរការប្រកបដោយប្រសិទ្ធភាព។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ធនាគារពិភពលោកបានជួយឧបត្ថម្ភ ផ្តល់ការគាំទ្ររាជរដ្ឋាភិបាលកម្ពុជា តាមរយៈគម្រោងនានា និងជួយឧបត្ថម្ភគាំទ្រដល់ដំណើរការកសាងជាតិ និងអភិវឌ្ឍកម្ពុជាចាប់តាំងពីគ្រាក្រលំបាករហូតដល់កម្ពុជាសម្រេចបាននូវសុខសន្តិភាពពេញលេញ   ហើយសង្ឃឹមថា WB នឹងចូលរួមចំណែកយ៉ាងសកម្ម និងមានប្រសិទ្ធភាពក្នុងការលើកស្ទួយកំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ សំដៅប្រែក្លាយប្រទេសនេះឲ្យទៅជាប្រទេសមួយមានភាពជឿនលឿនប្រកបដោយក្តីសង្ឃឹម ឆ្លើយតបទៅនឹងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ និងឈានឆ្ពោះ ទៅសម្រេចចក្ខុវិស័យនាឆ្នាំ២០៣០ និងឆ្នាំ២០៥០។

លោករដ្ឋមន្រ្តីវេង សាខុន ក៏បានណែនាំដល់មន្រ្តីអនុវត្តគម្រោងទាំងអស់ត្រូវយកចិត្តទុកដាក់ សហការឲ្យបានល្អជាមួយម្ចាស់ជំនួយ ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន សហគមន៍នេសាទ ដើម្បីអនុវត្តគម្រោងកម្មវិធីនេះឲ្យរលូនប្រកបដោយតម្លាភាព ប្រសិទ្ធិភាព ទទួលខុស ត្រូវខ្ពស់សម្រេចបានជោគជ័យទៅតាមការរំពឹងទុក និងជាពិសេសនោះគឺសម្រេចគោលដៅថ្នាក់ជាតិស្តីពីកិច្ចការពារបរិស្ថានជលផល ការអភិរក្សជីវៈចម្រុះ ៕