ភ្នំពេញ៖ លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យលោក Luke Arnold ទទួលបន្ទុកកិច្ចការទូទៅនៃស្ថានទូតអូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការីចូលជួបពិភាក្សា នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ។
ដើម្បីពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តគម្រោងស្តីពី “កម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា” ស្វែងរកទស្សននិងទិដៅយុទ្ធសាស្រ្ត និងគំនិតថ្មីៗដើម្បីតម្រង់ទិសក្នុងការអនុវត្តគម្រោងនេះ ស្នើសុំមតិ និងយោបល់ពាក់ព័ន្ធនឹងកិច្ចសន្ទនាត្រីភាគីរវាង កម្ពុជា-អូស្រ្តាលី-ចិន និងធ្វើការពិភាក្សាលើទិសដៅអនាគតសម្រាប់កម្មវិធីជំនួយនៅកម្ពុជា។
លោក Luke Arnold បានសម្តែងអំណរអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនប្រជាជនអូស្ត្រាលីដែលបាន និងបន្តជួយឧបត្ថម្ភ គាំទ្រលើការអភិវឌ្ឍប្រទេសកម្ពុជា។ ចំពោះវិស័យកសិកម្ម រដ្ឋាភិបាលអូស្រ្តាលីក៏បានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងសំខាន់ផងដែរ តាមរយៈការអនុវត្តគម្រោងជាច្រើនជាពិសេសគម្រោងស្តីពី កម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា (CAVAC) ដែលគម្រោងនេះបាននិងកំពុងចូលរួមអនុវត្តគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្មរបស់ក្រសួងយ៉ាងមានប្រសិទ្ធភាព។
លោកបានបន្តថា គម្រោងទាំងអស់នេះពិតបានចូលរួមប្រើប្រាស់ធនធាន និងសក្ដានុពលដែលមានស្រាប់សំដៅលើកកម្ពស់ផលិតភាព ពិពិធភាវូបនីយកម្ម និងពាណិជ្ជូបនីយកម្មកសិកម្ម ដើម្បីបង្កើតការងារ ធានាសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ និងបង្កើនការនាំចេញកសិផល ដើម្បីលើកកម្ពស់កម្រិតជីវភាព កាត់បន្ថយភាពក្រីក្រ និងចំណាកស្រុក ពិសេសជំរុញកំណើនសេដ្ឋកិច្ចជាតិ។
លោករដ្ឋមន្រ្តីបានបញ្ជាក់ថា ក្រសួងចង់បាន ហើយក៏កំពុងជំរុញ និងអនុវត្តការធ្វើទំនើបកម្មកសិកម្ម ការធ្វើពិពិធកម្មកសិកម្ម និងផលិតកម្មកសិកម្មតាមកិច្ចសន្យា។ ទាំងអស់នេះ ទាមទារឲ្យមានកិច្ចសហការពេញលេញពីគ្រប់ភាគីពាក់ព័ន្ធគឺ រដ្ឋ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ សហគមន៍កសិកម្ម ដោយត្រូវធ្វើយ៉ាងណាបង្កើនផលិតភាព ជាមួយការប្រកួតប្រជែង និងកាត់បន្ថយថ្លៃដើម។ លោកសង្ឃឹម និងជឿជាក់ថា ភាគីអូស្រ្តាលីនឹងបន្តផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរនេះមកភាគីកម្ពុជា ជាប្រយោជន៍ដល់វិស័យកសិកម្មទាំងមូល និងប្រជាកសិករយើង៕