ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កម្ពុជា-វៀតណាម ស្វែងរកវឌ្ឍនភាពថ្មីៗ សំដៅអភិវឌ្ឍវិស័យធនាគាររវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំ

 

ភ្នំពេញ៖ មន្រ្តីធនាគារជាតិនៃកម្ពុជា បានថ្លែងថា វិស័យធនាគារ រវាងកម្ពុជា-វៀតណាម នឹងផ្តល់ប្រយោជន៍យ៉ាងសំខាន់ ក្នុងការពង្រីក និងពង្រឹងសាមគ្គីភាពស្វែងរកគន្លឹះវឌ្ឍនភាពថ្មីៗ សំដៅអភិវឌ្ឍន៍វិស័យធនាគាររបស់ប្រទេសទាំងពីរឲ្យកាន់តែរឹងមាំ ក្នុង កិច្ចប្រជុំទ្វេរភាគី រវាងធនាគារជាតិនៃកម្ពុជា និងធនាគាររដ្ឋវៀតណាម នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ នេះ។

លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជាថា ការអញ្ជើញបំពេញទស្សនកិច្ចរបស់ប្រតិភូវៀតណាមនៅពេលនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការពង្រីកសហប្រតិបត្តិការ និងរឹតចំណងមិត្តភាពទ្វេរភាគីនៃធនាគារកណ្តាលទាំងពីរ ក៏ដូចប្រទេសយើងទាំងពីរ ក្នុងនាមប្រទេសភូមិផងរបងតែមួយ ក្នុងនោះតាមរយៈទស្សនកិច្ចនេះ ថ្នាក់ដឹកនាំ និងមន្រ្តីធនាគារនៃប្រទេសទាំងពីរ បានបង្កើតនូវភាពស្និតស្នាល និងបានស្វែងយល់លើអភិវឌ្ឍន៍រីកចម្រើន រួមជាមួយវប្បធម៌ប្រវត្តិសាស្រ្តនានាផងដែរ។

លោក បានបន្តទៀតថា វិស័យសេដ្ឋកិច្ច នៅក្នុងឆ្នាំ២០១៩នេះ កម្ពុជារំពឹងថា នឹងទទួលបានកំណើនសេដ្ឋកិច្ច អាចសម្រេចបានក្នុងរង្វង់ប្រមាណ ៧,១% តែអាចប្រឈមនឹងភាពមិនច្បាស់លាស់ នៃស្ថានភាពសេដ្ឋកិច្ចផងដែរ ដូចជា ភាពតានតឹងផ្នែកពាណិជ្ជកម្ម រវាងប្រទេសចិននិងសហរដ្ឋអាមេរិក, ភាពប្រឈមនិងការថយចុះនៃសេដ្ឋកិច្ចចិនជាដើម ។

ក្នុងវិស័យធនាគារ ទំហំនៃប្រតិបត្តិការ និងវិសាលភាពបានកើនឡើងជាលំដាប់ និងបានចូលរួមចំណែកលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ ការកាត់បន្ថយភាពក្រីក្រ និងបានលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនផងដែរ ។ ចំពោះតាមរយៈកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងកម្ពុជា បានកត់សម្គាល់ឃើញថា មានការរីកចម្រើនយ៉ាងល្អប្រសើរ ពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងការពង្រីកនិងពង្រឹងសាមគ្គីភាព ការស្វែងរកគន្លឹះវឌ្ឍនភាពថ្មីៗ សំដៅអភិវឌ្ឍន៍វិស័យធនាគាររបស់ប្រទេសទាំងពីរឲ្យកាន់តែរឹងមាំ ។

លោក Le Minh Hung ទេសាភិបាលធនាគាររដ្ឋវៀតណាម បានលើកឡើងថា ការចូលរួមចែករំលែកចំណេះដឹង ជំរុញការអភិវឌ្ឍន៍នៅលើវិស័យធនាគារ និងការទទួលបាននូវបទពិសោធន៍មួយចំនួនពីគ្នាទៅវិញទៅមក ដែលជាការចូលរួមចំណែកមួយដ៏សំខាន់មិនអាចកាត់ថ្លៃបាន តាមរយៈកិច្ចសហប្រតិបត្តិការនេះ ជាការជំរុញអភិវឌ្ឍន៍ប្រទេសយើងទាំងពីរ មាឲ្យនការរីកចម្រើនឥតឈប់ឈរនៅលើវិស័យធនាគារផងដែរ ៕