កំពង់ឆ្នាំង៖ លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជំរុញមន្ត្រីក្រោមឱវាទខិតខំយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ តាមរយៈការផ្តល់សេវាសាធារណៈប្រកបដោយតម្លាភាព និងគណនេយ្យភាព ត្រូវធ្វើខ្លួនឱ្យបានស្អាតស្អំ វៀរចាកអំពើពុករលួយគ្រប់រូបភាព។
លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់បែបនេះពិធីសំណេះសំណាល ជាមួយមន្រ្តីរាជការមន្ទីរពាណិជ្ជកម្ម និងសាខាកាំកុងត្រូល ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១៧ កញ្ញា ឆ្នាំ២០១៩ ។ ប្រធាទបទវឌ្ឍនភាពការងារ និងទិសដៅសកម្មភាពចំពោះមុខ ដើម្បីជំរុញការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងកំណើនសេដ្ឋកិច្ចជាតិប្រកបដោយនិរន្តរភាព ។
រដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានឲ្យដឹងថា បច្ចុប្បន្នក្រសួងកំពុងរៀបចំលិខិតបទដ្ឋានគតិយុត្ត និងអនុក្រឹត្យស្តីពីការកែសម្រួល និងប្រព្រឹត្តិទៅរបស់ក្រសួងពាណិជ្ជកម្មថ្មី ដើម្បីឆ្លើយតបនឹងអភិបាលកិច្ចល្អ ហើយនៅពេលបញ្ចប់ ឯកសារទាំងអស់នេះនឹងផ្តល់វិសាលភាពដល់ក្រសួង ក្នុងការអនុវត្តកាតព្វកិច្ចកាន់តែប្រសើរ ព្រមទាំងជួយបង្កើនប្រសិទ្ធភាពការងាររបស់មន្ត្រីនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិថែមទៀត។
លោកបញ្ជាក់ថា ច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារ ច្បាប់ស្ដីពីការប្រកួតប្រជែង និងច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ ត្រូវបានគណៈរដ្ឋមន្ត្រី និងរដ្ឋសភាអនុម័តរួចហើយ គឺរង់ចាំតែភ្លើងខៀវពីព្រឹទ្ធសភា ចំណែកឯអនុក្រឹត ក៏បានឆ្លងផុតក្រសួងមុខងារសារធារណៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងក្រុមប្រឹក្សាអ្នកច្បាប់រួចហើយដែរ គឺនៅតែដាក់ឆ្លងអន្តរក្រសួង ធ្វើការពិនិត្យចុងក្រោយតែប៉ុណ្ណោះ ហើយអគ្គនាយកដ្ឋានកាំកុងត្រូល ក៏នឹងត្រូវប្តូរឈ្មោះថ្មីក្នុងពេលឆាប់ៗផងដែរ៕