កណ្តាល៖ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល សម្រេចបង្កើតគណៈកម្មការរៀបចំពិធីប្រណាំងទូកក្រុងតាខ្មៅ ឆ្នាំ២០១៩ ដើម្បីជំរុញឲ្យពិធីប្រណាំងទូកប្រកដោយបានជោគជ័យ និងមានប្រសិទ្ធភាព នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីបសំពះព្រះខែ និងអកអំបុក នៅពេលខាងមុខនេះ ។
លោកបណ្ឌិត ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាល ខេត្តកណ្តាល បានលើកឡើងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ដើម្បីរៀបចំបង្កើតគណៈកម្មការរៀបចំពិធីប្រណាំងទូកក្រុងតាខ្មៅ នៅសាលាខេត្តកណ្តាល ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ នេះ។ ដើម្បីត្រួតពិនិត្យ និងត្រៀមលក្ខណៈសម្រាប់ដំណើរការក្នុងពិធីប្រណាំងទូកដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១២ ដល់ថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០១៩ ខាងមុខនេះ ។
លោកអភិបាលខេត្ត បញ្ជាក់ថា យើងត្រូវត្រៀមលក្ខណៈសម្បត្តិឲ្យបានគ្រប់គ្រាន់ សម្រាប់ដំណើរការពិធីប្រណាំងទូក ឆ្នាំ២០១៩ ក្នុងគោលដៅទទួលខុសត្រូវខ្ពស់ ចំពោះតួនាទី និងភារកិច្ច ដែលបានចាត់តាំង។
ដើម្បីឲ្យពិធីនោះទទួលបានជោគជ័យ និងមានប្រសិទ្អភាពខ្ពស់ ដើម្បីចូលរួមព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីបសំពះព្រះខែអកអំបុក នៅពេលខាងមុខនេះ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រណំាងទូកនៅក្រុងតាខ្មៅ តែងតែរៀបចំធ្វើឡើងជារៀងរាល់ឆ្នាំ ជាក់ស្តែងឆ្នាំ២០១៨ កន្លងទៅ នៅក្រុងតាខ្មៅមានទូកចូលរួមសរុប ៦៣ទូក ក្នុងនោះទូកអុំបុរសមាន ២៥ទូក ទូកខ្នាតអន្តរជាតិបុរសមាន ១៦ទូក ទូកខ្នាតអន្តរជាតិនារីមាន ២ទូក ទូកផ្កាចារបុរសមាន ១៦ទូក និងទូកផ្កាចានារីមាន ៤ទូក សរុបកីឡាករទាំងអស់មានចំនួនជិត ៣ពាន់នាក់ផងដែរ ។
ពាក់ព័ន្ធនឹងគណៈកម្មការ រៀបចំពិធីប្រណាំងឆ្នាំ២០១៩ នេះ អង្គប្រជុំបានសម្រេចបង្កើតគណៈកម្មការចំនួន០៨ រួមមាន៖
អនុគណៈកម្មការការពារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសង្គម ។
អនុគណៈកម្មការបច្ចេកទេស។
អនុគណៈកម្មការហិរញ្ញវត្ថុ និងជីវភាព។
អនុគណៈកម្មការគ្រប់គ្រងទូក កន្លែងស្នាក់នៅរបស់កីឡាករ និងអានាម័យ។
អនុគណៈកម្មការវប្បធម៌ សិល្បៈ ព័ត៌មាន សោធទស្សន៍ និងរៀបចំប្រទីប។
អនុគណៈកម្មការរៀបចំបណ្តាញអគ្គិសនី និងអនុគណៈកម្មការរៀបចំស្តង់លក់ផលិតផល និងអនុគណៈកម្មការសុខភាព៕