ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រសួងទេសចរណ៍ ដាក់ឱ្យអនុវត្ត E-Certificate ដើម្បីបង្កើនគុណភាពជំនាញវិជ្ជាជីវៈទេសចរណ៍ 

 

ភ្នំពេញ៖ ក្រសួងទេសចរណ៍ ប្រកាសដាក់ឱ្យអនុវត្តប្រព័ន្ធគ្រប់គ្រងការបណ្តុះបណ្តាលជំនាញទេសចរណ៍ អនឡាញ «E-Certificate» ដើម្បីគ្រប់គ្រងការបណ្តុះបណ្តាលជំនាញទេសចរណ៍ និងបង្កើនគុណភាពឱ្យកាន់តែប្រសើរ និងជឿជាក់។

ការប្រកាសឱ្យអនុវត្តប្រព័ន្ធ E-Certificate នេះ ធ្វើឡើង នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងពិធីប្រកាសផ្សព្វផ្សាយចលនាប្រឡងប្រណាំង «អ្នកជំនាញទេសចរណ៍ឆ្នើមលើកទី១» ក្រោមអធិបតីភាពលោក ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ ។

 ប្រព័ន្ធ E-Certificate គឺជាប្រព័ន្ធគ្រប់គ្រងឆ្លាតវៃមួយធ្វើឡើងតាមបច្ចេកវិទ្យាឌីជីថល ដែលចូលរួមពង្រឹងការបណ្ដុះបណ្ដាលធនធានមនុស្សក្នុងវិស័យទេសចរណ៍។

លោក ណេប សាមុត បានឲ្យដឹងថា ប្រព័ន្ធ E-Certificate នឹងជួយគ្រប់គ្រងទិន្នន័យអ្នកជំនាញទេសចរណ៍ កម្រិតនៃការបណ្ដុះបណ្ដាល ក៏ដូចជាគ្រប់គ្រងការបណ្ដុះបណ្ដាលអ្នកជំនាញទេសចរណ៍បានយ៉ាងត្រឹមត្រូវ ធានាបង្កើនប្រសិទ្ធភាព និងគុណភាពសេវាកម្មទេសចរណ៍កាន់តែប្រសើរឡើង។

លោកបានបញ្ជាក់ថា នៅលើសញ្ញាបត្រ ឬវិញ្ញាបនបត្ររបស់សិក្ខាកាម ដែលឆ្លងកាត់ការបណ្ដុះបណ្ដាលពីក្រសួងទេសចរណ៍ ឬមន្ទីរទេសចរណ៍ ឬសាលាជាដៃគូរបស់ក្រសួងទេសចរណ៍ នឹងមានភ្ជាប់ជាមួយសញ្ញា QR-Code ដែលអ្នកទទួលសេវាគ្រាន់តែស្កេន QR-Code តាមរយៈទូរស័ព្ទដៃរបស់ខ្លួន គេនឹងដឹងពីព័ត៌មានផ្សេងៗរបស់ម្ចាស់វិញ្ញាបនបត្រនោះ ប្រកបដោយសង្គតិភាព។

លោកអគ្គនាយកបានបន្ថែមថា មានសាកលវិទ្យាល័យ និងសាលាចំនួន១៨ បានស្ម័គ្រចិត្តចូលរួមអនុវត្តការបណ្តុះបណ្តាលជំនាញទេសចរណ៍ តាមរយៈប្រព័ន្ធ E-Certificate នេះ ហើយសៀវភៅណែនាំស្ដីពី ប្រព័ន្ធគ្រប់គ្រងការបណ្តុះបណ្តាលជំនាញទេសចរណ៍អនឡាញ «E-Certificate» នេះ ក៏ត្រូវបានប្រគល់ជូនមន្ទីរទេសចរណ៍ទាំង២៥រាជធានី-ខេត្ត និងសាលាទាំង១៨នោះផងដែរ។

 លោក ជា បូរ៉ា បានឱ្យដឹងថា ការដាក់ចេញប្រព័ន្ធ E-Certificate System របស់ក្រសួងទេសចរណ៍នៅពេលនេះ គឺជាការឆ្លើយតបទាន់ពេលវេលា និងបង្ហាញពីការគាំទ្រជំរុញបន្ថែមទៀតនៃការប្រើប្រាស់បច្ចេកវិទ្យា សំដៅសម្រួលដល់កិច្ចសហការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍រវាងក្រសួងទេសចរណ៍ និងដៃគូបណ្តុះបណ្តាលឱ្យមានប្រសិទ្ធភាព ។

ដើម្បីផ្តល់ជាគំនិតក្នុងការធ្វើសមាហរណកម្មរវាងបច្ចេកវិទ្យា ក្នុងបរិបទឧស្សាហកម្ម ៤.០ និងយុទ្ធនាការ «បុគ្គលិកម្នាក់ ជំនាញមួយ» និងឈានទៅសម្រេចបានគោលដៅអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ឱ្យបាននៅឆ្នាំ២០២៥ និងការសិក្សាពេញមួយជីវិតនៅឆ្នាំ២០៣០ សម្រាប់យុវជនកម្ពុជា ៕