តាកែវ ៖ កសិករចំនួន២ឃុំនៅស្រុកព្រៃកប្បាស ខេត្តតាកែវ បានចោទប្រកាន់លោកឈុន សារឹន ហៅប៉ោង ម្ចាស់ស្ថានីយ៍ផ្គត់ផ្គង់ទឹកថា កំពុងកេងចំណេញនិងបោកពួកគាត់ក្នុងការផ្គត់ផ្គង់ទឹកសម្រាប់ស្រែស្រូវប៉្រាំង។
បច្ចុប្បន្ននេះពួកគាត់(កសិករ)កំពុងព្រួយបារម្ភគ្មានទឹកសម្រាប់ធ្វើស្រែប្រាំង ខណៈលោក ឈុន សារឹន ហៅប៉ោង មិនព្រមផ្តល់ទឹកឲ្យពួកគាត់បានគ្រប់គ្រាន់ដូចពេលកន្លងមក ឥឡូវនេះធ្វើឲ្យដំណាំស្រូវពួកគាត់ជួបប្រទះនូវការខូចខាត់ដោយសារគ្មានទឹកគ្រប់គ្រាន់។
ពួកគាត់បានអះអាងថា លោកឈុន សារឹន បានបង្កើនមហិច្ឆតាគៀបស៊ីប្រជាពលរដ្ឋដណ្តើមយកដំបន់ធ្វើស្រែជាច្រើនពីស្ថានីយ៍បូមទឹកផ្សេងៗ ដើម្បីរកប្រាក់ចំណូលចូលហោប៉ៅខ្លួនឯងគ្មានក្រែងចិត្តប្រជាពលរដ្ឋឡើយ។
បច្ចុប្បន្ននេះដីស្រែពួកគាត់រាប់ពាន់ហិកតានិងត្រូវខ្វះខាត់ទឹកប្រសិនបើលោកឈុន សារឹន មិនព្រមបញ្ចេញទឹកផ្គត់ផ្គង់ដល់ពួកគាត់ទេស្រូវប្រាំងក្នុងស្រែរបស់អាចនិងស្វិតងាប់អស់។
ជុំវិញករណីខាងលើនេះ ភ្នាក់ងារសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីលោកឈុន សារឹន បានទេ។ប៉ុន្តែលោកញ៉ែម ស្រស់ អភិបាលនៃគណៈអភិបាលស្រុកព្រៃកប្បាសបានឲ្យដឹងថា លោកនិងចុះទៅពិនិត្យជាក់ស្តែងនៅតាមវាលស្រែប្រជាពលរដ្ឋនិងស្ថានីយ៍បូមទឹករបស់លោកឈុន សារឹន ដើម្បីមកបំភ្លឺ។
លោកអភិបាលស្រុកបញ្ជាក់ថា បើគ្មានលទ្ធភាពផ្គត់ផ្គងទឹកឲ្យប្រជាពលរដ្ឋធ្វើស្រែទេ សុំឲ្យ ឈុន សារឹន ប្រគល់សិទ្ធិឲ្យម្ចាស់ស្ថានីយ៍ផ្សេងទៀតដែលមានលទ្ធភាពផ្គត់ផ្គងទឹកគ្រប់គ្រាន់ឲ្យប្រជាពលរដ្ឋសម្រាប់ធ្វើស្រែគ្រប់គ្រាន់ឲ្យប្រជាពលរដ្ឋសម្រាប់ធ្វើស្រែដើម្បី ជៀសវាងការខូចខាតដំណាំស្រូវទៅថ្ងៃមុខ៕