ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឃាត់ខ្លួនជនសង្ស័យបាញ់សម្លាប់ នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តរតនគិរី ជានគរបាលដូចគ្នា

រតនគិរី៖ តាមរបាយការណ៍របស់សមត្ថកិច្ច បានបញ្ជាក់ថា  ជនដៃដល់បាញ់សម្លាប់នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តរតនគិរី   គឺជាមន្ត្រីនគរបាលដូចគ្នា ហើយការបាញ់សម្លាប់ជនរងគ្រោះព្រោះតែរឿងគំនុំផ្ទាល់ខ្លួន។

ហេតុការណ៍បាញ់សម្លាប់ជនរងគ្រោះបានកើតឡើងនៅវេលាម៉ោងប្រមាណ ៩ព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩នេះ នៅចំណុចហាងកាហ្វេ ស្ថិតក្នុងភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ។

ជនរងគ្រោះឈ្មោះ ផន ទុំ មានតួនាទីជា នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី រស់នៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។

ជនសង្ស័យមានឈ្មោះ នួន មករា ហៅក្រឹម ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរនគរបាល មានទីលំនៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។

មុនពេលកើតហេតុ ជនសង្ស័យ បានជិះរថយន្តម៉ាក NAVARA ណ័ព៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2N-5011 ទៅឈប់មុខហាងកើតហេតុ រួចចុះពីលើរថយន្ត ដើរសំដៅទៅបាញ់ជនរងគ្រោះចំនួន ០១គ្រាប់ចំក្បាល ខណៈដែលជនរងគ្រោះកំពុងអង្គុយផឹកកាហ្វេ។ ជនរងគ្រោះ បានដាច់ខ្សល់ស្លាប់នៅពេលដែលសមត្ថកិច្ចបញ្ជូនដល់មន្ទីពេទ្យដើម្បីសង្គ្រោះជីវិត។

ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចជំនាញព្រហ្មទណ្ឌកំរិតធ្ងន់ សហការជាមួយនគរបាលនៃអធិការដ្ឋានក្រុងបានលុង បានបើកការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ និងដកហូតវត្ថុតាងប្រព្រឹត្តទបល្មើនៅចំណុចផែទី៤.បឹងយក្ខឡោម ស្ថិតក្នុងភូមិឡាប៉ូ សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយថា ខ្លួនពិតជាបានបាញ់សម្លាប់ជនរងគ្រោះប្រាកដមែន ហើយមូលហេតុដែលរូបគេបាញ់សម្លាប់ជនរងគ្រោះនោះគឺដោយសាររឿងគំនុំផ្ទាល់ខ្លួន។​

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ចជំនាញ ឃាត់ខ្លួន និងសាកសួរ នៅការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការនិតិវិធី៕