ភ្នំពេញ៖ លោកវេង សាខុន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកបណ្ឌិត Kaushik Barua ប្រធានក្រុមបេសកកម្មអង្គការ IFAD ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ បានរៀបចំកិច្ចប្រជុំស្តីពីមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍វិស័យកសិកម្ម (IFAD) និងទិសដៅអនុវត្តបន្តក្នុងក្របខណ្ឌគម្រោង កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ។
គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) និងគម្រោងការកសាងសមត្ថភាពបន្ស៊ាំតាម រយៈការ ពង្រីកបច្ចេកវិទ្យាថាមពលកកើតឡើងវិញ នៅតំបន់ជនបទក្នុងប្រទេសកម្ពុជា (S-RET) ។
លោកបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលជានាយកគម្រោង ASPIRE និងគម្រោង S-RET បានធ្វើថ្លែងមតិស្វាគមន៍ និងរាយការណ៍ដោយសង្ខេបអំពីវឌ្ឍនភាពរបស់គម្រោង សមិទ្ធផលសម្រេចបាន បញ្ហាប្រឈម និងលទ្ធផលរំពឹងទុកបន្ទាប់ពីគម្រោងបញ្ចប់។
លោកបណ្ឌិត Kaushik Barua ប្រធានក្រុមបេសកកម្មអង្គការ IFAD ក៏បានធ្វើចំណាប់អារម្មណ៍លើសមិទ្ធផលដែលគម្រោងសម្រេចបានក្នុងរយៈពេលកន្លងមក ហើយបានវាយតម្លៃខ្ពស់លើការខិតខំប្រឹងប្រែង កិច្ចសហការយ៉ាងពេញលេញពីគ្រប់ភាគីពាក់ព័ន្ធ និងជាពិសេសក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទតែម្តង។
លោកសង្ឃឹម និងជឿជាក់ថាតាមរយៈគម្រោងនេះ ប្រជាកសិករ សហគមន៍កសិកម្ម ប្រជានេសាទ សហគមន៍ព្រៃឈើ នឹងទទួលបានផលជាអតិបរិមាពីគម្រោងហើយធ្វើឲ្យមានការកែប្រែកម្រិតជីវភាព ស្ថិរភាពសេដ្ឋកិច្ចគ្រួសារ កាត់បន្ថយភាពក្រីក្រ និងចំណាកស្រុក។
លោករដ្ឋមន្រ្តីវេង សាខុន បានអំណរគុណចំពោះអង្គការ IFAD ដែលបានជួយឧបត្ថម្ភគាំទ្រ ដល់ការអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៦ រហូតមកទល់បច្ចុប្បន្នតាមរយៈការផ្តល់នូវជំនួយហិរញ្ញប្បទានសម្រាប់អនុវត្តគម្រោងជាច្រើនក្នុងបំណងលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាជនក្រីក្រនៅជនបទ ជាពិសេសកសិករដែលមានដីតិច ។
តាមរយៈការបង្កើនផលិតភាពកសិកម្ម ការជំរុញការអនុវត្តកសិកម្មចម្រុះដោយប្រើប្រាស់បច្ចេកទេសទំនើបឆ្លើយ តបទៅនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងការផ្តល់សេវាកម្មហិរញ្ញវត្ថុ ការកសាងហេដ្ឋារចនាសម្ព័ន្ធជនបទ ការកសាងសមត្ថភាពរបស់មន្រ្តីអនុវត្តគម្រោងក៏ដូចជាការអភិវឌ្ឍសមត្ថភាពរបស់ប្រជាកសិករ និងសហគមន៍ (កសិកម្ម នេសាទ និងព្រៃឈើ) ដែលនៅដាច់ស្រយាល ដោយឈរលើសុឆន្ទៈ និងឧត្តមគតិគិតគូរដល់ប្រយោជន៍ជាតិ និងប្រជាជនជាធំ។
លោករដ្ឋមន្រ្តី បានបញ្ជាក់ថា ចក្ខុវិស័យ និងទិសដៅអភិវឌ្ឍន៍វិស័យកសិកម្មគឺត្រូវប្រែក្លាយ កសិកម្មឲ្យទៅជាកសិកម្មទំនើប មានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាពឈានទៅលើកស្ទួយកំណើនប្រាក់ចំណូលគ្រួសារកសិករ។
ស្របតាមក្របខណ្ឌកំណែទម្រង់ស៊ីជម្រៅដើម្បីរួមចំណែកកសាង និងអភិវឌ្ឍន៍កម្ពុជាឲ្យសម្រេចបាននូវគោលដៅរបស់ខ្លួនគឺប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងកម្រិតខ្ពស់នៅឆ្នាំ២០៥០ ។
សូមបញ្ជាក់ថា មូលនិធិ IFAD គឺគាំទ្រគម្រោង ASPIRE គម្រោង AIMS និង គម្រោង S-RET ពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាប្រឈម។ IFAD គឺជាយន្តការមួយនៃការរួមចំណែកអនុវត្តគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ផលិតភាព ពិពិធភាវូបនីយកម្ម និងពាណិជ្ជូបនីយកម្មកសិកម្មឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាកសិករ និងធុរជនក្នុងវិស័យកសិកម្ម៕