ភ្នំពេញ៖ ម្ចាស់រថយន្តលុចស៊ីស330អត់ពន្ធ ដែលមន្ត្រីកងរាជអាវុធហត្ថ(PM)ខេត្តកំពង់ឆ្នាំង ចាប់ឃាត់និងជំរិតទារលុយជាថ្នូរនៃការដោះលែងចំនួន៥,០០០ដុល្លារអាមេរិក។ ពេលនេះជនរង្គ្រោះជាម្ចាស់រថយន្ត បានដាក់ពាក្យបណ្ដឹងទៅ អង្គភាពប្រឆាំងអំពើពុករលួយ(ACU) និងស្ថាប័នតុលាការពីបទ ប្រព្រឹត្តអំពើពុករលួយជំរិតទារប្រាក់ និងបង្ខាំងមនុស្សដោយខុសច្បាប់ ។
យោងតាមពាក្យបណ្ដឹងចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩នេះ របស់ជនរងគ្រោះឈ្មោះ ឈុន ឈីវជាតិ អាយុ៣៦ឆ្នាំមានអាសយដ្ឋានភូមិដំបូកកកោះ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។បានប្ដឹងឈ្មោះ ឡុច ឡន និងឈ្មោះ លឹម ហាក់ ជាមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងគូកនពីបទ ចាប់បង្ខាំងមនុស្សដោយខុសច្បាប់ និងជំរិតទារប្រាក់និងបទ ប្រព្រឹត្តអំពើពុករលួយជំរិតទារប្រាក់។ ជនរងគ្រោះបានស្នើដល់សមត្ថកិច្ចពាក់ព័ន្ធចាត់ការតាមនីតិវិធី។
សូមបញ្ជាក់ថា កាលពី ថ្ងៃ ទី២៨ ខែកញ្ញា ឆ្នាំ ២០១៩ មន្ត្រីPMខេត្តកំពង់ឆ្នាំង បានចាប់រថយន្តលុចស៊ីស330ពណ៌ស មួយគ្រឿង និងម្ចាស់យកមកឃុំឃាំងជាងកន្លះថ្ងៃ រួចជំរិតទារលុយបានសម្រេចចំនួន ៥,០០០ដុល្លារ ទើបដោះលែងរថយន្តនិងមនុស្សឲ្យទៅវិញ។ជាមួយគ្នានោះ ក្រុមគ្រួសាររងគ្រោះបានខលទូរស័ព្ទខ្វាត់ខ្វែង ដើម្បីប្រមូលលុយយកមកប្រគល់ឲ្យមន្ត្រីប៉េអឹម ឈ្មោះ ឡុ ន ឡ ន ដោយផ្ទាល់ដៃជាលុយសុទ្ធ។
ខណៈមន្ត្រីឈ្មោះ ឡុន ឡន ថា យកទៅឲ្យ លោក លឹ ម ហាក់ ក្រោយពីលោក លឹ ម ហាក់ទទួលបានលុយ ហេីយ ទើបដោះលែងម្ចាស់រថយន្ត និង រថយន្តវិញ។
ដោយការឈឺចាប់នឹងទង្វើជំរិតទារលុយ៥,០០០$ឆៅៗបែបនោះ ទេីបម្ចាស់ រថយន្ត បាន លួចថត វី ដេ អូ ពេល ប្រគល់លុយឲ្យមន្ត្រីកងរាជអាវុធហត្ថ ទុកជាភស្តុតាង ដើម្បីទុកប្ដឹងអំពីហេតុការណ៍ ចាប់ជំរិតនេះ ។
ដេលី ខ្មែរ មិនអាចទាក់ទងសុំការបំភ្លឺពីលោកលឹម ហាក់ បានទេ ។
ពាក់ពន្ធករណីនេះកាលពីថ្ងៃទី០៩,១០,២០១៩ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញសេចក្ដីថ្លែងការណ៍មួយថា រឿងចាប់រថយន្តជំរិតទារលុយ៥,០០០$នោះមិនជាមែនមន្ត្រីPMទេ ខណៈឈ្មោះ ឡុន ឡន មិនមែនមន្ត្រីកងរាជអាវុធហត្ថឡើយ។
ទោះជាមានការបដិសេធ ពីសំណាក់អ្នកនាំពាក្យយ៉ាងនេះក្ដី ប៉ុន្តែការពិតជនរងគ្រោះ ត្រូវបានគេចាប់មកឃុំខ្លួនជាងកន្លះថ្ងៃ នៅក្នុងបន្ទាយPMក្រុងកំពង់ឆ្នាំង រួមជាមួយរថយន្ត ។
លុះពេលគ្រួសារជនរងគ្រោះប្រគល់លុយឲ្យ ឈ្មោះឡុន ឡន គ្រប់ចំនួន៥,០០០$ ហើយទើបគេអនុញ្ញាតដោះលែងទាំងរថយន្តនិងមនុស្សឲ្យមានសេរីភាពវិញ ៕