ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ចាប់ពីថ្ងៃទី២១​ ខែតុលានេះ​​ស្នងការរាជធានីភ្នំពេញ ​នឹងចាត់វិធានការណ៍ចំពោះយានយន្ត​​ដែល​គ្មានស្លាកលេខ​ 

ភ្នំពេញ៖ ចាប់ពីថ្ងៃទី២១ ខែតុលា ឆ្នាំ​២០១៩ នេះតទៅ ស្នងការដ្ឋាន​នគរបាល​រាជធានីភ្នំពេញនឹង​ចាត់វិធានការ​ត្រួតពិនិត្យ ចាប់​ឃាត់​ជាបណ្តោះអាសន្ន​រថយន្ត និង​ទោចក្រ-ត្រីចក្រយានយន្ត ដែល​គ្មាន​ស្លាកលេខ​យក​មក​រក្សាទុក និង​ធ្វើការ​ផាក​ពិន័យ នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក រហូត​ទាល់តែធ្វើស្លាក​លេខ​រួចរាល់​ហើយ​ទើប​អនុញ្ញាត ឲ្យ​យកត្រឡប់ទៅវិញ​បាន។

យោងតាមសេចក្តីជូនដំណឹង​ចុះនៅថ្ងៃទី១១ ខែតុលា ឆ្នាំ​២០១៩ របស់ស្នងការដ្ឋាន​នគរបាល​រាជធានីភ្នំពេញ បានបញ្ជាក់ថា ក្នុង​រយៈពេល​ចុងក្រោយ​នេះ មាន​រថយន្ត និង​ទោចក្រ-ត្រីចក្រយានយន្ត មួយ​ចំនួន​ដែល​ធ្វើចរាចរណ៍​នៅតាម​ដងផ្លូវដោយ​គ្មាន​ស្លាក​លេខ​ ឬប្រើប្រាស់​ស្លាកលេខ​មិនប្រក្រតី បាន​ឆ្លៀត​ឱកាស​យក​រថយន្ត និងទោចក្រ-ត្រីចក្រ​យានយន្ត​ទាំងនោះ ទៅ​ប្រព្រឹត្ត​អំពើឆក់ ប្លន់ ឬ​ធ្វើសកម្មភាព​ល្មើសច្បាប់ផ្សេងៗ​ទៀត និង​បង្ក​គ្រោះថ្នាក់ ​រួចបើក​គេចវេស​ពីការ​ទទួលខុសត្រូវចំពោះមុខច្បាប់។

 ស្នងការដ្ឋាន​នគរបាល​រាជធានី​ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់យានយន្តគ្មានស្លាកលេខ ឬពាក់ស្លាកលេខមិនត្រឹមត្រុវ  ត្រូវ​រួសរាន់​ទៅបំពេញ​បែបបទ​សុំស្លាកលេខ និង​ប័ណ្ណ​សម្គាល់​​រថយន្ត និង​ទោចក្រ-ត្រី​ចក្រយានយន្ត​ឱ្យបាន​ត្រឹមត្រូវ និង​ទាន់​ពេលវេលា៕