ភ្នំពេញ៖ រាជរដ្ឋាភិបាលជប៉ុន តាមរយៈឯកអគ្គរដ្ឋទូត ប្រចាំនៅកម្ពុជា បានផ្តល់វិភាគទានថវិកាជាង ៨៧លានដុល្លារអាមេរិក សម្រាប់ដំណើរការសាលាក្តីខ្មែរក្រហម។
លោក មិកាមិ ម៉ាសាហ៉ីរ៉ូ ក្នុងឱកាសធ្វើទស្សនកិច្ច នៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ដើម្បីស្វែងយល់ ដំណើរការនីតិវិធីក្នុងការជំនុំជម្រះក្តី លើអតីតមេដឹកនាំជាន់ខ្ពស់ និងអ្នកទទួលខុសត្រូវខ្ពស់បំផុត ក្នុងឧក្រិដ្ឋកម្មធ្ងន់ធ្ងរដែលប្រព្រឹត្តឡើង ក្នុងរបបខ្មែរក្រហមចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។
លោក មិកាមិ ម៉ាសាហ៉ីរ៉ូ បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលបានចូលរួមបំពេញការងារបានយ៉ាងល្អ ហើយតុលាការចម្រុះកម្ពុជា-អង្គការសហប្រជាជាតិនេះ មិនមែនត្រឹមតែចូលរួមនាំយកយុត្តិធម៌ ជូនជនរងគ្រោះនៃរបបខ្មែរក្រហមទេ ប៉ុន្តែបានចូលរួមផ្តល់យុត្តិធម៌ និងដំណើរការសន្តិភាពសម្រាប់ពិភពលោកទាំងមូល។
លោកឯកអគ្គរដ្ឋទូត បានថ្លែងថា សាលាក្តីខ្មែរក្រហមបានដើរតួនាទី យ៉ាងសំខាន់ក្នុងការធ្វើឱ្យពិភពលោកបានដឹងថា មានរឿងអ្វីកើតឡើងពិតប្រាកដនៅក្នុងអតីតកលា នៃរបបខ្មែរក្រហម។
លោកបានអះអាងថា បេសកកម្មរបស់លោកនៅកម្ពុជា គឺដើម្បីបន្តពង្រឹងកាន់តែខ្លាំងថែម ទៀតនូវកិច្ចសហប្រតិបត្តិការការទូតរវាងជប៉ុន និងកម្ពុជា ។ ជប៉ុននៅតែបន្តគាំទ្រលើដំណើរការ របស់មជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ ទាក់ទងនឹងអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា (LDC) ផងដែរ។
លោក ក្រាញ់ តូនី បានជម្រាបជូនឯកអគ្គរដ្ឋទូតជប៉ុន ថា រហូតមកទល់ពេលនេះសាលាក្តីខ្មែរក្រហម បានទទួលជោគជ័យយ៉ាងខ្លាំង ដោយបានធ្វើការផ្សព្វផ្សាយទាំងក្នុង និងក្រៅតុលាការ ហើយមានសាធារណជនជិត ៧សែននាក់ ទទួលបានផលប្រយោជន៍ពីការងារផ្សព្វផ្សាយនេះ។
សូមបញ្ជាក់ថា អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានចាប់ផ្តើមដំណើរការពីដើមខែកុម្ភៈ ឆ្នាំ២០០៦ ហើយរហូតមកទល់នឹងឆ្នាំ២០១៩នេះ មានសំណុំរឿង៤ ចំពោះមុខដែលក្នុងនោះ សំណុំរឿង០០១ ប្រឆាំងអតីតប្រធានគុកទួលស្លែង ត្រូវបានបិទបញ្ចប់ទាំងស្រុងជាមួយការផ្តន្ទាទោសកាំង ហ្កេកអ៊ាវ ហៅឌុច ដាក់ពន្ធនាគារអស់មួយជីវិត៕