ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រសួងទេសចរណ៍ ៖ កម្ពុជាលើកទឹកចិត្តចំពោះអ្នកវិនិយោគ ក្នុងវិស័យទេសចរណ៍ នៅកម្ពុជា

ភ្នំពេញ៖  លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញដល់ធុរជនក្នុងវិស័យទេសចរណ៍ដែលមកពីជុំវិញពិភពលោក នូវឱកាសវិនិយោគជាច្រើននៅកម្ពុជា ខណៈរាជរដ្ឋាភិបាលកម្ពុជាកំពុងលើកទឹកចិត្តចំពោះអ្នកវិនិយោគ ដែលចង់មកបណ្ដាក់ទុកវិនិយោគនៅកម្ពុជា ពិសេសគឺការវិនិយោគក្នុងវិស័យទេសចរណ៍។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឲ្យដឹងបែបនេះ ក្នុងពិធីសម្ពោធពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិ លើកទី៣ (CTM-2019) នៅសណ្ឋាគារសុខាភ្នំពេញ នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួទេសចរណ៍ បានអំពាវនាវដល់វិនិយោគិន ក្រុមហ៊ុនទេសចរណ៍ ក្រុមហ៊ុនសណ្ឋាគារ ក្រុមហ៊ុនអាកាសចរណ៍ជាតិ-អន្តរជាតិ រួមទាំងភាគីពាក់ព័ន្ធទាំងអស់ឲ្យមកវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជាឱ្យបានច្រើនថែមទៀត ព្រោះកម្ពុជាមានបរិយាកាសវិនិយោគដ៏ទាក់ទាញបំផុតក្នុងតំបន់ និងមានសក្តានុពលដ៏សម្បូរបែប។

លោកបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតឱ្យមានតំបន់ទេសចរណ៍ពិសិដ្ឋ រួមមានទេសចរណ៍ផ្ទះទីពីរ ស្របពេលដែលការសម្រួលការធ្វើដំណើរ គឺជាកត្តាគន្លឹះសម្រាប់ជំរុញកំណើនភ្ញៀវទេសចរ និងវិនិយោគិន។ បច្ចប្បន្ន កម្ពុជាមានការផ្តល់ទិដ្ឋាការអេឡិចត្រូនិក ទិដ្ឋាការពេលមកដល់ និងទិដ្ឋាការចេញចូលច្រើនដងសម្រាប់រយៈពេល ១ឆ្នាំ, ២ឆ្នាំ និង៣ឆ្នាំ ដែលផ្តល់ភាពងាយស្រួលដល់ទេសចរ អ្នកវិនិយោគទាំងអស់ក្នុងការមកទស្សនា និងវិនិយោគនៅកម្ពុជា។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ពិព័រណ៍នេះ គឺជាវេទិការធុរកិច្ចទេសចរណ៍ដ៏មានសារៈសំខាន់ក្នុងការជំរុញផ្សព្វផ្សាយលក់ផលិតផលទេសចរណ៍ ការជួបជុំគ្នារវាងអ្នកទិញ-អ្នកលក់ និងអ្នកជំនាញទេសចរណ៍ធ្វើការរួមគ្នាដើម្បីធ្វើបច្ចុប្បន្នភាពព័ត៌មានទេសចរណ៍ ចែករំលែកបទពិសោធន៍នានាក្នុងអាជីវកម្មទេសចរណ៍ និងស្វែងរកវិធានការថ្មីៗរួមគ្នាដើម្បីអភិវឌ្ឍវិស័យទេសចរណ៍នៅក្នុងតំបន់ឲ្យកាន់តែរីកចំរើនបន្ថែមទៀត។

សេវាកម្មទេសចរណ៍កម្ពុជាដែលមានគុណភាពខ្ពស់បានយ៉ាងទូលំទូលាយ ដែលអាចធ្វើឲ្យប្រទេសកម្ពុជាក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយ សម្រាប់ប្រទេសជិតខាង និងជុំវិញពិភពលោក ពិសេសបង្ហាញថាកម្ពុជា អាចជាគោលដៅសម្រាប់ទទួលរៀបចំព្រឹត្តិការណ៍ទេសចរណ៍ធំៗកម្រិតអន្តរជាតិផងដែរ៕