ភ្នំពេញ៖ ចាប់ពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ នេះតទៅ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនឹងចាត់វិធានការត្រួតពិនិត្យ ចាប់ឃាត់ជាបណ្តោះអាសន្នរថយន្ត និងទោចក្រ-ត្រីចក្រយានយន្ត ដែលគ្មានស្លាកលេខយកមករក្សាទុក និងធ្វើការផាកពិន័យ នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រហូតទាល់តែធ្វើស្លាកលេខរួចរាល់ហើយទើបអនុញ្ញាត ឲ្យយកត្រឡប់ទៅវិញបាន។
យោងតាមសេចក្តីជូនដំណឹងចុះនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្នុងរយៈពេលចុងក្រោយនេះ មានរថយន្ត និងទោចក្រ-ត្រីចក្រយានយន្ត មួយចំនួនដែលធ្វើចរាចរណ៍នៅតាមដងផ្លូវដោយគ្មានស្លាកលេខ ឬប្រើប្រាស់ស្លាកលេខមិនប្រក្រតី បានឆ្លៀតឱកាសយករថយន្ត និងទោចក្រ-ត្រីចក្រយានយន្តទាំងនោះ ទៅប្រព្រឹត្តអំពើឆក់ ប្លន់ ឬធ្វើសកម្មភាពល្មើសច្បាប់ផ្សេងៗទៀត និងបង្កគ្រោះថ្នាក់ រួចបើកគេចវេសពីការទទួលខុសត្រូវចំពោះមុខច្បាប់។
ស្នងការដ្ឋាននគរបាលរាជធានី បានអំពាវនាវឲ្យប្រជាពលរដ្ឋដែលប្រើប្រាស់យានយន្តគ្មានស្លាកលេខ ឬពាក់ស្លាកលេខមិនត្រឹមត្រុវ ត្រូវរួសរាន់ទៅបំពេញបែបបទសុំស្លាកលេខ និងប័ណ្ណសម្គាល់រថយន្ត និងទោចក្រ-ត្រីចក្រយានយន្តឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា៕