ប្រជាពលរដ្ឋ បានរាយការណ៍ថា បទល្មើសនេសាទនៅក្នុងមូលដ្ឋានស្រុកសន្ទុក បានកើតឡើងតាំងពីរដូវបិទនេសាទ តាមរយៈការដាក់ឧបករណ៍ ចាប់យកត្រីច្រើនប្រភេទ ។ ក្រុមឈ្មួញ បានឃុបឃិតជាមួយ សមត្ថកិច្ច មន្ត្រីជំនាញ ផលផល ក្នុងខេត្តកំពង់ធំ គឺជាអ្នកបើកដៃឲ្យមានការនេសាទល្មើសច្បាប់បែបនេះ ។
ប្រជាពលរដ្ឋ បានឲ្យដឹងទៀតថា បទល្មើសនេសាទកើតឡើងជាយូមកហើយ នៅចំណុចបឹងខ្វែកបឹង អង្លង់ព្រីង បឹងព្រួស ចំណុចចាមបាច បឹងកណ្តាល និងចំណុចបឹងក្រចៅ ក្នុង ភូមិសាស្ត្រស្រុកសន្ទុក ខេត្តកំពង់ធំ ដែលមាន ឈ្មោះ ហឿន ជាអ្នកកាងនិងកាន់កញ្ចប់លុយរត់ការ ហើយជាអ្នកទទួលទិញត្រីផ្ដាច់មុខ នៅតំបន់នោះផងដែរ ។
អ្នកនេសាទល្មើសច្បាប់ ភាគច្រើនមកពីខេត្តសៀមរាប សង្ស័យពួកគេត្រូវរ៉ូវជាមួយលោក គូ ប៊ុនទឹង នាយផ្នែករដ្ឋបាលជលផលត្រួតត្រា៥ស្រុក នៃខេត្តកំពង់ធំ តាមរយៈការផ្តល់លាភសក្ការៈ ទើបប្រព្រឹត្តល្មើសបានជាចំហរ និងដោយសេរីបែបនេះ ។
ប្រជាពលរដ្ឋបានសំណូមពរមក រដ្ឋមន្ត្រី ក្រសួងកសិកម្ម ក៏ដូចជា លោក អេង ជា សាន អគ្គនាយក រដ្ឋ បាលជលផល មេត្តាចាត់វិធានការ ទប់ស្កាត់ បទល្មើស នេសាទ ប្រើឧបករណ៍ ខុសច្បាប់ ក្នុងតំបន់បឹង ទន្លេសាបក្នុងភូមិសាស្ត្រស្រុកសន្ទុក ខេត្តកំពង់ធំ ជាបន្ទាន់ ។ បើគ្មានវិធានការណ៍បង្ក្រាបទេ ទៅថ្ងៃមុខមច្ឆជាតិនឹងរលាយហិនហោចអស់ជាពុំខានឡើយ ៕