ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

វិស័យកសិកម្ម ជាវិស័យសំខាន់ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ច និងធានាសន្តិសុខស្បៀង

ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា នៅតែចាត់ទុកវិស័យកសិកម្មជាវិស័យសំខាន់ ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ច ធានាសន្តិសុខស្បៀង និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជនបទ។

លោករដ្ឋមន្រ្តីក្រសួងកសិកម្ម បានបញ្ជាក់បែបនេះ ក្នុងសិក្ខាសាលាស្តីពី “ការលើកស្ទួយការចិញ្ចឹមសត្វជាលក្ខណៈគ្រួសារ ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ និងកង្វះអាហារូបត្ថម្ភនៅកម្ពុជា”នៅថ្ងៃទី៣១ខែតុលា ឆ្នាំ២០១៩ ។ ជាមួយលោក ខៃរ៉ូល ហាហ្វីស និងអង្គការ Muslim Aid  ដើម្បីត្រួតពិនិត្យ វាយតម្លៃអំពីវឌ្ឍនភាពនៃការអនុវត្តគម្រោងលើកស្ទួយខ្សែច្រវាក់ផលិតកម្មនៃការចិញ្ចឹមសត្វ សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍ប្រកបដោយចីរភាព។

ការលើកកម្ពស់សេវាសុខភាពសត្វការការពារ បង្ការទប់ស្កាត់ជំងឺរាតត្បាតសត្វ ការធានាសុវត្ថិភាពសាច់ ផលិតផលសត្វដែលកម្ពុជាបានបំពេញកាតព្វកិច្ចក្នុងក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភព លោក(WTO) អង្គការសុខភាពសត្វពិភពលោក (OIE) និងការធ្វើសមាហរណកម្មកម្ពុជាក្នុងអាស៊ាន និងក្នុងសាកលលោកផងដែរ។

ដើម្បីគាំទ្រដល់ចលនាចិញ្ចឹមសត្វ រួមជាមួយនឹងការលើកកម្ពស់ប្រព័ន្ធផ្តល់សេវាបច្ចេកទេស កែលម្អពូជសត្វ និងផ្សាភ្ជាប់ទីផ្សារជូនកសិករ និងអ្នកផលិត ការកែច្នៃផលិតផលបសុសត្វ ការបង្កើតសត្តឃាតដ្ឋានទំនើប ព្រមទាំងការសម្រួលពាណិជ្ជកម្មសត្វ និងផលិតផលសត្វជាដើម ។

លោករដ្ឋមន្ត្រីបានបន្តទៀតថា​ ការអភិវឌ្ឍផលិតកម្មសត្វ ការស្រាវជ្រាវ ការអភិវឌ្ឍពូជ សត្វ និងការផ្តល់សេវាបច្ចេកទេសនៅមានកម្រិត ការអភិវឌ្ឍខែ្សច្រវាក់ផ្គត់ផ្គង់មិនទាន់ឆ្លើយតបបានទៅនឹងតម្រូវ ការ ទីផ្សារ ខ្វះការវិនិយោគលើការកែច្នៃផលិតផលសត្វ និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តគាំទ្រដល់ការផលិត ការកែច្នៃ និងទីផ្សារ តម្លៃអគ្គិសនីនៅខ្ពស់ ការធ្លាក់ចុះកម្លាំងពលកម្ម ស្របពេលនឹងបញ្ហាប្រឈមនានាដែលអាចកើតមានឡើងជាយថាហេតុ ដោយសារឥទ្ធិពលនៃការប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មទី៤ និងឌីជីថលភាវូបនីយកម្ម។

ឆ្លើយតបទៅនឹងបញ្ហានេះ រាជរដ្ឋាភិបាល តាមរយះក្រសួងកសិកម្ម បានដាក់ចេញនូវចក្ខុវិស័យសម្រាប់អភិវឌ្ឍន៍វិស័យផលិត កម្មសត្វ ដើម្បីប្រែក្លាយផលិតកម្មសត្វបែបទំនើប មានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាព ដែលនាំដល់ការកើនឡើងប្រាក់ចំណូលគ្រួសារកសិករ ។

តាមរយ: ជំរុញកំណើនផលិតកម្មសត្វឱ្យកើន ៣%/ឆ្នាំ ដោយបង្កើនផលិតផលសាច់ពី ២៤០ពាន់តោននៅឆ្នាំ២០១៩ ដល់២៧០ពាន់តោននៅឆ្នាំ២០២៣ និងអត្រា % នៃការចិញ្ចឹមសត្វជាលក្ខណៈពាណិជ្ជកម្មកើនពី១៩% នៅឆ្នាំ២០១៧ ដល់ ៣០% នៅឆ្នាំ២០២៣ ជំរុញការចិញ្ចឹមគោពូជកូនកាត់ឲ្យបានប្រមាណ៣០% នៅឆ្នាំ២០២៣។

ដើម្បីទទួលបានជោគជ័យ លោករដ្ឋមន្រ្តីបានផ្តល់ចក្ខុវិស័យ និងអនុសាសន៍មួយចំនួនដើម្បីជាធាតុចូលសម្រាប់យកទៅពិចារណា និងអនុវត្តបន្តទៀត ។

ទី១. គ្រប់អង្គភាពជំនាញពាក់ព័ន្ធទាំងអស់ត្រូវបន្តសហការគ្នាឲ្យបានល្អប្រសើរជាមួយដៃគូអភិវឌ្ឍន៍ផ្នែកចិញ្ចឹមសត្វ ជាពិសេសមួយអង្គការ Muslim Aid ដើម្បីរួមចំណែកជំរុញការអភិវឌ្ឍន៍វិស័យកសិកម្ម២០១៩-២០២៣។

ទី២. អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវជួយគាំទ្រ និងសហការផ្តល់បចេ្ចកទេសដល់ប្រជាកសិករជាមួយអង្គការ Muslim Aid ដោយត្រូវផ្សព្វផ្សាយបន្តដល់កសិករចិញ្ចឹម ការជ្រើសរើសពូជ ការបង្កាត់ដោយសិប្បនិម្មិត ការធ្វើអនាម័យ ការចាក់វ៉ាក់សាំង។

ទី៣. ត្រូវលើកកម្ពស់ការស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វ ពូជសត្វ និងការបង្កាត់ពូជ ដើម្បីបង្កើនផលិតភាពសត្វ ធ្វើឲ្យប្រសើរឡើងនូវគុណភាព សុវត្ថិភាពផលិតផលសត្វ។
ត្រូវបន្តប្រែក្លាយការចិញ្ចឹមសត្វជាលក្ខណគ្រួសារឲ្យទៅជាការចិញ្ចឹមបែបពាណិជ្ជកម្ម លើកទឹកចិត្តដល់ការចិញ្ចឹមដែលមានផលិតភាពខ្ពស់ ប្រកបដោយគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពសេដ្ឋកិច្ច ។

ទី៤. ជំរុញនិងលើកកម្ពស់ការត្រួតពិនិត្យអនាម័យសត្វ ផលិតផលសត្វ គុណភាព និងអនាម័យចំណីសត្វ និងបសុឱសថ ដើម្បីការពារជំងឺឆ្លង ធានាគុណភាពសុវត្ថិភាពសាច់សត្វ និងផលិតផលសត្វសម្រាប់អ្នកបរិភោគ។

លោករដ្ឋមន្ត្រីវេង សាខុន សង្ឃឹមថា អង្គការ Muslim Aid នឹងខិតខំអនុវត្តភារកិច្ចរបស់ខ្លួនជាមួយតួអង្គពាក់ព័ន្ធទាំងអស់តាមអភិក្រម “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍” ដើម្បីសម្រេចតាមគោលដៅ គោលបំណង និងទទួលបានលទ្ធផលជាផ្លែផ្កា តាមការរំពឹងទុក ៕