ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រាជរដ្ឋាភិបាល ប្រមូលចំណូលថវិការដ្ឋសរុប ស្មើនឹង ៩០% ធៀបនឹងច្បាប់ថវិកាឆ្នាំ ២០១៩

 

ភ្នំពេញ៖ ក្នុងត្រីមាសទី៣ ឆ្នាំ២០១៩ នេះ រាជរដ្ឋាភិបាលកម្ពុជា បានប្រមូលចំណូលថវិការដ្ឋសរុប ស្មើនឹង ៩០% ធៀបនឹងច្បាប់ថវិកា ក្នុងនោះទិន្នផលចំណូល បានពីការប្រមូលពីពន្ធគយ និងរដ្ឋាករប្រមាណ ៤៩%, ពន្ធដារ ៣២%, ចំណូលមិនមែនសារពើពន្ធ ១២% និងចំណូលផ្សេងៗ ប្រមាណ ៦% បន្ថែមទៀត។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (គ.ហ.ស) បានដឹកកិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០១៩ ។

កិច្ចប្រជុំបានផ្តោតសំខាន់លើការត្រួតពិនិត្យ តាមដានវឌ្ឍនភាព នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៣ ចំពោះផែនការសម្រាប់ត្រីមាសទី៣ ឆ្នាំ២០១៩នេះ  ។​ គ្រប់ ផ្នែកនៃផែនការសកម្មភាព ការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ចំពោះការប្រមូល ចំណូល និងការអនុវត្តចំណាយ  ធៀបនឹងឆ្នាំមុនៗ នៅរក្សាបាននិន្នាការល្អប្រសើរទៅតាមការគ្រោងទុក ។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន  បានប្រាប់អំពីគន្លឹះមួយចំនួន ដែលត្រូវបន្តពង្រឹងអនុវត្ត កសាង និងរៀបចំបញ្ចប់លិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹងការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ផែនការសកម្មភាពលម្អិតសម្រាប់អនុវត្តយុទ្ធសាស្ត្រគន្លឹះនានា ដូចជា យុទ្ធសាស្ត្រកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ ឆ្នាំ២០១៩-២០២៥ ។

យុទ្ធសាស្ត្រកែទម្រង់ប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ ២០១៩-២០២៥ ។​ យុទ្ធសាស្ត្រកៀរគរចំណូល ២០១៩-២០២៣ និងអនុក្រឹត្យស្តីពីការគ្រប់គ្រងគម្រោងវិនិយោគសាធារណៈជាដើម ៕

សូមបញ្ជាក់ថា ក្នុងរយៈពេល ៩ ខែ ឆ្នាំ២០១៩ រាជរដ្ឋាភិបាលកម្ពុជា បានប្រមូលចំណូលថវិការដ្ឋសរុប ស្មើនឹង ៩០% ធៀបនឹងច្បាប់ថវិកាឆ្នាំ ២០១៩ ។  ដែលទិន្នផលចំណូលនេះ បានពីការប្រមូលដោយពន្ធគយ និងរដ្ឋាករ ប្រមាណ ៤៩% ។ ពន្ធដារប្រមាណ ៣២% ចំណូលមិនមែនសារពើពន្ធ ប្រមាណ ១២% និងចំណូលផ្សេងៗប្រមាណ ៦% ៕