ប្រព័ន្ធផ្សព្វផ្សាយ Aljazeera បានចុះផ្សាយនៅថ្ងៃសុក្រ ទី០១ ខែវិច្ឆិកានេះថា ក្រុមសកម្មប្រយុទ្ធរបស់ក្រុមរដ្ឋអ៊ីស្លាម IS បានប្រកាសទទួលស្គាល់ការបាត់បង់ជីវិតរបស់មេដឹកនាំកំពូលរបស់ខ្លួន ឈ្មោះ អាប៊ូ បាគ័រ អាល់ បាកដាឌី (Abu Bakr al-Baghdadi) និងប្រកាសតែងតាំងមេដឹកនាំកំពូលថ្មីមួយរូបទៀត ។
សេចក្តីប្រកាសរបស់ក្រុមរដ្ឋអ៊ីស្លាម IS ត្រូវបានធ្វើឡើងដោយខ្សែអាត់សម្លេងមួយ ដែលត្រូវបានផ្សព្វផ្សាយតាមប្រព័ន្ធ Internet និងបានបង្ហាញថា មេដឹកនាំកំពូលថ្មីរបស់ក្រុមភេរវនិយមមួយនេះ ឈ្មោះ អាប៊ូ អ៊ីប្រាហ៊ីម អាល់ ហាសេមី អាល់ ហ្គូរ៉ៃហ្ស៊ី (Abu Ibrahim al-Hashemi al-Quraishi) ។
សូមបញ្ជាក់ជូនថា សេចក្តីប្រកាសតែងតាំងមេដឹកនាំថ្មីរបស់ក្រុមរដ្ឋអ៊ីស្លាម IS នេះ ត្រូវបានធ្វើឡើងក្រោយពីមេដឹកនាំកំពូលរបស់ក្រុមនេះ ឈ្មោះ អាប៊ូ បាគ័រ អាល់ បាកដាឌី (Abu Bakr al-Baghdadi) បានបំផ្ទុះគ្រាប់បែកសម្លាប់ខ្លួនឯង កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ខណៈដែលកងទ័ពអាមេរិក និងកងទ័ពក្រុម ខឺត បានវាយឆ្មក់ទៅលើទីតាំងជ្រកកោនរបស់មេដឹកនាំកំពូលក្រុមភេរវនិយមរូបនោះ ៕