ភ្នំពេញ៖ ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ “ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០១៩ បានបើកទទួលស្វាគមន៍ សម្រាប់និយោជក អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល អ្នកស្វែងរកការងារធ្វើ ជ្រើសរើសបុគ្គលិក ជាការចែករំលែកព័ត៌មានទីផ្សារការងារជាដើម នៅមជ្ឈមណ្ឌលកោះពេជ្រ ព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ។
ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០១៩ ត្រូវបានរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមកិច្ចសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ដោយមានរយៈពេល២ថ្ងៃ គឺថ្ងៃទី២ និងទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ចាប់ពីម៉ោង ៨ព្រឹក ដល់៨យប់។
សម្រាប់ព្រឹត្តិការណ៍នេះ ផ្តល់ជូនឱកាសការងារសរុបជាង ២ម៉ឺនមុខតំណែង នឹងត្រូវបានផ្តល់ដោយក្រុមហ៊ុន សហគ្រាសធំៗជាង១៥០ មកពីវិស័យសំខាន់ៗដូចជា ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថ សំណង់ សណ្ឋាគារនិងបដិសណ្ឋារកិច្ច ទូរគមនាគមន៍ ការអប់រំនិងបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ និងភ្នាក់ងារជ្រើសរើសឯកជននៅក្នុងបញ្ជរសរុបចំនួន៣០០។
ក្រៅពីទទួលបានឱកាសការងាររាប់ម៉ឺនកន្លែង អ្នកចូលរួមនឹងទទួលបានព័ត៌មានពីផែនការតម្រូវការ និងគោលនយោបាយក្នុងការជ្រើសរើសកម្លាំងពលកម្មនាពេលបច្ចុប្បន្ន និងអនាគត កម្មវិធីសិក្សា អាហារូបករណ៍ វគ្គសិក្សា និងកម្មវិធីអភិវឌ្ឍជំនាញ ៕