សម្តេចតេជោ បន្តទៀតថា គ្រាន់តែឆ្នាំ២០១៩នេះ អ្នកទេសចរមកខេត្តព្រះសីហនុ មានចំនួន ១លាន ៩សែន ៤ម៉ឺននាក់ កើនឡើងប្រមាណ ១០.៦៧ភាគរយ ហើយនៅពេលដែលផ្លូវទាំងអស់ត្រូវបានសាង សង់រួចរាល់នោះ គឺក្រុងព្រះសីហនុនឹងក្លាយជាទីក្រុងទំនើបទាក់ទាញ ក្នុងនាមជាប៉ូលសេដ្ឋកិច្ចទី២នៅកម្ពុជា។
សម្តេចតេជោ មានប្រសាសន៍បែបនេះ ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ នាព្រឹកថ្ងៃសៅរ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បញ្ហាដែលត្រូវយកចិត្តទុកដាក់នៅខេត្តព្រះសីហនុ គឺដោះស្រាយប្រព័ន្ធលូទឹកស្អុយ ដែលត្រូវស្តារឡើងវិញទាំងអស់ អញ្ចឹងហើយបានជាយើងធ្វើផ្លូវនៅខេត្តព្រះសីហនុ នាពេលនេះគឺមានលូអមសងខាងផ្លូវ។សម្តេចតេជោ ហ៊ុន សែន បន្តថា ថវិកាប្រមាណ ២លាន ៥សែនដុល្លារ ត្រូវបានប្រើសម្រាប់ស្តារលូ ប្រឡាយនានា ដើម្បីរំដោះទឹកក្នុងក្រុងព្រះសីហនុ ហើយសម្តេចបានស្នើឱ្យមិត្តចិនជួយបន្ថែម លើប្រព័ន្ធចម្រុះទឹកកខ្វក់ ដើម្បីធានាថា ទឹកសមុទ្រក្នុងខេត្តព្រះសីហនុនឹងនៅតែជាទឹកសមុទ្រដែលមានគុណភាពល្អ អាចមុជកម្សាន្តបានជារៀងរហូត។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវអោយប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ ក៏ដូចជាភ្ញៀវទេសចរណ៍ ត្រូវរួមគ្នាថែរក្សាអនាម័យបរិស្ថាន ពេលបរិភោគអាហាររួចហើយ មិនត្រូវចោលកាកសំណល់ រឺ ថង់ផ្លាស្ទីកកុំដាក់នៅមាត់លូ ឬបោះចោលពាសវាលពាសកាល នៅក្នុងប្រពន្ធ័លូដែលបង្កផលប៉ះពាល់ដល់បរិស្ថាន៕