ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

មូលនិធិគន្ធបុប្ផា ផ្តល់ថវិការជាង ៨០ម៉ឺនដុល្លារ ដើម្បីធានានូវការចំណាយប្រតិបត្តិការប្រចាំថ្ងៃរបស់មន្ទីរពេទ្យ

 

ភ្នំពេញ៖ មូលនិធិគន្ធបុប្ផាកម្ពុជា ប្រគល់ជូនថវិកាចំនួនជាង ៨០ ម៉ឺនដុល្លារអាមេរិក ដែលបានមកពីការកាត់កម្រៃសំបុត្រចូលទស្សនាតំបន់អង្គរ ប្រចាំត្រីមាសទី៣ ឆ្នាំ២០១៩ ជូនមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីចូលរួមធានានូវការចំណាយប្រតិបត្តិការប្រចាំថ្ងៃរបស់មន្ទីរពេទ្យ។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃមូលនិធិគន្ធបុប្ផាកម្ពុជា អញ្ជើញជាគណៈធិបតី ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវបន្ទប់សង្គ្រោះទារក និងកុមារ អគារគន្ធបុប្ផា-សីហមុនី-មុនីនាថ ក្នុងមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

តាមរយៈការបង្កើតមូលនិធិគន្ធបុប្ផាកម្ពុជានេះឡើង គឺមូលនិធិគន្ធបុប្ផាកម្ពុជា បានរួមចំណែកបំពាក់ឧបករណ៍បរិក្ខាវេជ្ជសាស្ត្រ ដែលគិតជាថវិកាសរុបចំនួន ១ លានដុល្លារអាមេរិក ។ ជាក់ស្តែងនៅក្នុងឱកាសប្រគល់ជូនថវិកាចំនួនជាង ៨០ ម៉ឺនដុល្លារអាមេរិក ដែលបានមកពីការកាត់កម្រៃសំបុត្រចូលទស្សនាតំបន់អង្គរ ប្រចាំត្រីមាសទី៣ ឆ្នាំ២០១៩ ជូនមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីចូលរួមធានាការចំណាយប្រតិបត្តិការប្រចាំថ្ងៃរបស់មន្ទីពេទ្យបន្ថែម។

លោក ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចសហការរបស់រដ្ឋាភិបាលប្រទេសស្វីស និងមូលនិធិគន្ធបុប្ផាស្វីស នាពេលកន្លង និងជាពិសេសគុណបំណាច់របស់លោកវេជ្ជបណ្ឌិតសាស្រ្តាចារ្យ Beat Richner ចំពោះការលះបង់កំលាំងកាយចិត្ត ដើម្បីកុមារកម្ពុជា។

លោក Rene Schwarzenbach ប្រធានមូលនិធិគន្ធបុប្ផាស្វីស បានថ្លែងនូវការកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែគិតគូរអំពីសុខទុក្ខរបស់ប្រជាជន ជាពិសេសកុមារកម្ពុជា តាមរយៈការចូលរួមចំណែក និងគាំទ្រយ៉ាងសកម្មដល់មន្ទីរពេទ្យគន្ធបុប្ផាទាំង ០៥ ទីតាំង ។

លោក បន្តថា ក្តីស្រមៃរបស់លោកវេជ្ជបណ្ឌិតសាស្រ្តាចារ្យ Beat Richner គឺលោកចង់បាននូវសាមគ្គីភាព និងការចូលរួមចំណែករបស់ប្រជាជនកម្ពុជា ។ ក្តីស្រមៃនេះ បាននិងកំពុងបន្តកើតមានតាមរយៈការបង្កើត មូលនិធិគន្ធ-បុប្ផាកម្ពុជា ដែលមានគោលដៅមិនត្រឹមតែកៀរគរប្រភពមូលនិធិសប្បុរសធម៌ សម្រាប់ជួយកុមារកម្ពុជានោះទេ តែថែមទាំងបានកំពុងបន្តសាបព្រោះ និងបណ្តុះស្មារតី ខ្មែរជួយខ្មែរ ឲ្យកាន់តែប្រសើឡើង៕