ប្រតិភូវិនិយោគ និងទេសចរណ៍មួយក្រុមបានស្កាត់ពីទីក្រុងឡូស អេនជេលេសរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិកដើម្បីស្វែងរកឱកាសវិនិយោគលើវិស័យទេសចរណ៍ថាមពលនិងវិស័យនានានៅកម្ពុជា ខណៈបរិយា កាសវិនិយោគក្នុងប្រទេសសន្តិភាពមួយនេះកំពុងផ្ដល់ភាពអនុគ្រោះខ្ពស់ចំពោះធុរជន និងវិនិយោគិនគ្រប់គ្នា។
បន្ទាប់ពីបានជួបពិភាក្សាជាមួយក្រសួង-ស្ថាប័នមួយចំនួនរួចមក ប្រតិភូវិនិយោគនិងទេសចរណ៍មួយក្រុមនេះបានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក ទិត ចន្ថា រដ្ឋលេខាធិការ ប្រចាំការ ក្រសួងទេសចរណ៍ និងលោក សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ នៅទីស្ដីការក្រសួងទេសចរណ៍នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩។
ប្រតិភូវិនិយោគ និងទេសចរណ៍នេះ ត្រូវបានដឹកនាំដោយលោក ហួត គីមឆា កុងស៊ុលកិត្តិយសរបស់កម្ពុជាប្រចាំរដ្ឋកាលីហ្វ័រញ៉ា និងលោក Norman Arikawa តំណាងកំពង់ផែ LA Port ដើម្បីជំរុញវិស័យទេសចរណ៍ពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជានិងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។
ក្រោយបញ្ចប់កិច្ចពិភាក្សា លោក សូ វិសុទ្ធី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍បានថ្លែងថា ក្នុងកិច្ចពិភាក្សាខាងលើថ្នាក់ដឹកនាំក្រសួងទេសចរណ៍បានជម្រាបពីវឌ្ឍនភាពលើវិស័យទេសចរណ៍ក៏ដូចជាគោលនយោបាយ និងចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងទេសចរណ៍ ក្នុងការ អភិវឌ្ឍវិស័យអាទិ ភាពមួយនេះឱ្យរីកចម្រើនឈានឡើងសំដៅធ្វើយ៉ាងណាប្រែក្លាយកម្ពុជា ទៅជាគោល ដៅទេសចរណ៍លំដាប់ អន្តរជាតិប្រកបដោយភាពទាក់ទាញខ្ពស់។
ក្រុមហ៊ុនវិនិយោគធំៗរបស់អាមេរិកបានបង្ហាញចំណាប់អារម្មណ៍ខ្លាំងមកលើសក្តានុពលទេសចរណ៍កម្ពុជា ការអភិវឌ្ឍយ៉ាងឆាប់រហ័ស ព្រមជាមួយចក្ខុវិស័យវែងឆ្ងាយរបស់កម្ពុជា ក្នុងការសម្រេចកំណើនទេសចរឱ្យបានប្រមាណ៧លាននាក់ ក្នុងឆ្នាំ២០២០ និងប្រមាណ១៥លាននាក់ក្នុងឆ្នាំ ២០ ៣០ ដែលត្រូវការការវិនិយោគលើវិស័យហេដ្ឋារចនាសម្ពន្ធ ផលិតផលទេសចរណ៍ក៏ដូចជាធនធានមនុស្ស ក្នុងវិស័យទេសចរណ៍ជាដើម។
ក្រសួងទេសចរណ៍បានបង្ហាញពីសក្ដានុពលទាក់ទាញខ្ពស់នៅតាមប៉ូលទេសចរណ៍សំខាន់ៗរបស់កម្ពុជា មាន ដូចជារាជធានីភ្នំពេញ សៀមរាប-អង្គរ តំបន់ឆ្នេរសមុទ្រ-ភូមិភាគនិរតី និងតំបន់ភូមិភាគឦសាន ដែលកំពុងត្រូវការការវិនិយោគបង្កើតផលិតផលទេសចរណ៍ថ្មីបន្ថែមទៀត។
ក្រុមអ្នកវិនិយោគមកពីអាមេរិកនេះ ក៏បានបង្ហាញពីគោលបំណងចង់បណ្ដាក់ ទុនវិនិយោគលើផ្នែកសណ្ឋា គារលំដាប់ខ្ពស់ ការវិនិយោគលើវិស័យថាមពល ពិសេសថាមពលដែលមិនប៉ះពាល់ដល់បរិស្ថានដូចជា ថាម ពលព្រះអាទិត្យ និងយានជំនិះប្រើប្រាស់អ៉ីដ្រូហ្សែនជាដើម។