ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ី RIA បានចុះផ្សាយថា មេដឹកនាំរបស់ប្រទេសទួរគីនៅតែបន្តកិច្ចសន្យាទិញប្រព័ន្ធការពារដែនអាកាស S-400 ពីរុស្ស៊ីដដែល ដោយមិនញញើតនឹងការព្រមានរបស់មេដឹកនាំអាមេរិកទេ ទោះបីជាមេដឹកនាំរបស់ប្រទេសមហាអំណាចមួយនេះ បានព្រមានទួរគីជាញឹកញាប់ក៏ដោយ។
នៅថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកានេះ ប្រធានទីភ្នាក់ងារនាំចេញសព្វាវុធរដ្ឋរបស់ប្រទេសរុស្ស៊ី Rosoboronexport លោក Alexander Mikheevបាននិយាយថា ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) គ្រោងនឹងចុះហត្ថលេខាលើកិច្ចសន្យាថ្មីមួយទៀតជាមួយ លោក រ៉េសិប តៃយីប អឺដូហ្កាន (Recep Tayyip Erdogan) ប្រធានាធិបតីរបស់ប្រទេសទួរគីស្តីពីការផ្គត់ផ្គង់ប្រព័ន្ធការពារដែនអាកាសS-400 អោយទៅទួរគី។
លោក Alexander Mikheevបានបន្ថែមថា កិច្ចសន្យាថ្មីនេះ គឺរុស្ស៊ីនឹងផ្គត់ផ្គង់មីស៊ីលការពារដែនអាកាស S-400 ដែលជាប្រភេទមីស៊ីលបាញ់ពីដីទៅអាកាស (S-400 surface-to-air missile system) ទៅអោយប្រទេសទួរគីនៅពាក់កណ្តាលឆ្នាំ២០២០ខាងមុខនេះ៕