ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រុមហ៊ុន​​SCGនិងក្រសួង​ការងារ​រៀបចំការប្រកួត​ជំនាញ​​សំណង់ប្រចាំឆ្នាំ​លើកទី២ដើម្បី​ពង្រឹង​សមត្ថភាពមេជាងសំណង់កម្ពុជា​​​

ក្រុមហ៊ុន SCG ដែលជាសាជីវកម្ម​ឈានមុខ​គេ​មួយ​នៅក្នុងតំបន់​​អាស៊ានបានបើក​ការប្រកួតប្រជែង​ជំនាញ​សំណង់​ប្រចាំ​ឆ្នាំ​លើកទី២ ដោយ​ស​ហ​​ការជាមួយ​ក្រ​សួង​​ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរបស់​ប្រទេស​កម្ពុជា ដើម្បី​ពង្រឹង​សមត្ថភាពជាងសំណង់​នៅកម្ពុជាខណៈដែលវិស័យ​សំ​ណង់​នៃ​ប្រទេសនេះកំពុង​រីកលូតលាស់​យ៉ាង​ឆាប់រហ័ស ក្នុង​​រយៈពេល​ប៉ុន្មានឆ្នាំចុងក្រោយនេះ។

លោក វីរុត ផានិតភុតចាម៉ាន (Wirot Phanitphotchamarn) នាយកគ្រប់គ្រង​ផ្នែកទីផ្សារនិងការលក់​របស់ SCG នៅកម្ពុជា បាន​ថ្លែងនៅ​ថ្ងៃ​ទី២៧ខែវិច្ឆិកានេះ​​​​​ថា កម្មវិធីប្រឡងប្រជែង​ជំនាញ​សំណង់​នៅថ្ងៃនេះបង្ហាញពី​បំណងប្រាថ្នារបស់SCGក្នុងការ​ផ្ដល់​ឱកាស​ប្រសើរឡើង​និងគុណ​ភាព​នៃការរស់នៅ​ដល់​អ្នកពាក់ព័ន្ធ​នៅក្នុងប្រទេស​កម្ពុជា។

លោក វីរុត ថ្លែង​ថា «តាមរយៈ​កម្មវិធីនេះយើង​ចង់​ជួយ​លើកកម្ពស់​ជំនាញ​របស់មេជាង​សំណង់កម្ពុជា ក៏ដូចជា គុណភាពវិស័យសំណង់​នៅ​កម្ពុជា​។​ ជាងនេះ​ទៀតម្ចាស់លំនៅដ្ឋាន​និង​អ្នកអភិវឌ្ឍន៍គម្រោង​សាងសង់ក៏នឹង​ទទួល​បាន​ស្តង់ដារ​និងគុណភាពសំណង់ប្រសើរ​ឡើងផង​ដែរ»។

 

លោក វីរុតក៏បានបន្ថែម​ថា នៅពេល​ដែលជំនាញរបស់ខ្លួនកាន់តែប្រសើរឡើង និងមាន​វិញ្ញាបនបត្រ​ទទួលស្គាល់ពីកម្មវិធីបណ្ដុះបណ្ដាល​និងប្រ​កួត​ប្រជែង​នេះមេជាង​សំណង់​ ឬ​អ្នក​ម៉ៅការសំណង់​នៅក្នុងស្រុកនឹងមាន​ឱកាស​ការងារនិងចំណូល​កាន់តែខ្ពស់​ថែមទៀត។

សម្រាប់ លោក ឡៅ ហ៊ីម អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ​ ថ្លែងថាការអភិវឌ្ឍ​វិស័យ​អប់រំបណ្តុះបណ្តាល​បច្ចេកទេស​និង​​វិជ្ជា​ជីវៈ​គឺ​ទាមទារ​ចាំបាច់​នូវ​ការគាំទ្រ​និង​ចូលរួម​ពី​វិស័យ​ឯកជន។

លោក ឡៅ ហ៊ីម មានប្រសាសន៍ដូច្នេះ​ថា«សូមឱ្យក្រុមហ៊ុន​ចូលរួមគាំទ្រនូវ​រាល់សកម្មភាពដែលរដ្ឋត្រូវការ​ការសហការ​ពី​វិស័យ​ឯកជនមានដូចជា​ការ​ចុះ​កម្មសិក្សា ការស្រាវជ្រាវ និងការចូលរួមអភិវឌ្ឍកញ្ចប់ស្តង់ដាបណ្តុះបណ្តាលជាដើម»។

លោកអនុរដ្ឋលេខាធិការបន្ថែមថា ប្រកួត​ប្រជែង​ជំនាញ​នេះនឹង​ចូលរួម​ចំណែក​សម្រេច​គោល​នយោបាយ​ជាតិក្នុង​ការកាត់​បន្ថយ​ភាព​ក្រីក្រ​តាម​​រយៈ​ការបណ្តុះ​បណ្តាល​លើជំនាញ បង្តើត​ការងារ បង្កើន​ផលិតភាពនិង​បង្កើន​ប្រាក់​ចំណូល។

មេជាងសំណង់​ ៤០ រូបដែលចម្រាញ់ចេញពី​មេជាងសំណង់ជាង ២០០នាក់ ដែលបានចូលរួម​នៅក្នុង​ការប្រកួតប្រជែង​ជំនាញនៅតាមបណ្ដា​ខេត្ត​ដែលរៀបចំដោយ SCG និងដៃគូ​របស់ខ្លួន បាន​ចូលរួម​នៅក្នុង​ការប្រកួត​ប្រចាំឆ្នាំ​លើកទី២ នេះ។

បេក្ខជន​មេជាង​សំណង់ប្រកួត​ប្រជែង​គ្នា​លើ​៣មុខជំនាញគឺជំនាញបូក ជំនាញ​ប្រក់​ដំបូល និងជំនាញ​ដំឡើង​ស្មាតបត។

ការប្រកួត​ប្រជែង​នេះ នឹងចម្រាញ់​យក​ជ័យលាភី​លេខ​១ លេខ​២និង​លេខ​៣លើ​មុខ​ជំនាញ​នីមួយៗនៃ​មុខជំនាញ​ទាំងបីហើយ​ជ័យលាភីលេខ១ទទួលបាន​ទឹកប្រាក់២លានរៀល និង​ដំណើរទស្សនកិច្ច​ទៅ​ប្រទេស​ថៃ លេខ​២ បានទឹកប្រាក់ ១លាន​ ២សែនរៀល និង​លេខ​៣បាន​ទឹកប្រាក់ ៨សែនរៀល។

​ប្រកួតប្រជែង​ជាងសំណង់ប្រចាំឆ្នាំ​លើកទី២នេះគឺ​ជាផ្នែក​មួយនៃ​កម្មវិធី​បណ្ដុះបណ្ដាល​ជាងសំណង់​អេសស៊ីជីដែលមានគោលបំណង​ជួយ​លើក​ស្ទួយ​​វិស័យ​សំណង់​នៅ​កម្ពុជា ក្នុង​រយៈពេលវែង ។

អេសស៊ីជី សហការជាមួយក្រសួង​ការងារនិង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈតាមរយៈវិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​កម្ពុជា (NPIC)បានរៀបចំ​ឲ្យមាន​ការ​ប្រ​កួតប្រជែង​ជំនាញ​មេជាង​សំណង់​នេះ ចាប់តាំងពីឆ្នាំ​២០១៨មក។

គិត​រហូតមកដល់​ចុង​ឆ្នាំ​២០១៩នេះ មេជាង​សំណង់​ជាង ៤០០នាក់មកពី​ទូទាំងប្រទេសកម្ពុជាបានទទួល​ការបណ្ដុះបណ្ដាល និង​ជិត ៨០​នាក់​បាន​ចូលរួម​នៅក្នុង​ប្រកួត​ប្រជែង​ជំនាញ​ប្រចាំឆ្នាំដែលរៀបចំដោយក្រសួងការងារនិងបណ្ដុះបណ្ដាល​វិជ្ជាជីវៈនិង​ក្រុមហ៊ុន SCG៕