ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កម្ពុជា-ចិនសម្តែងសិល្បៈរួមគ្នាផ្តោតលើវប្បធម៌-ទេសចរណ៍ដើម្បីពង្រឹងកិច្ចសហប្រតិបត្តការខ្សែក្រវាត់និងវិថី

ព្រះរាជាណាចក្រកម្ពុជា រួមជាមួយសាធារណរដ្ឋប្រជាមានិតចិនបានបង្កើតព្រឹត្តិ​ការណ៍សម្ដែងសិល្បៈរួមគ្នាមួយ ដើម្បីពង្រឹង​កិច្ចសហ​ប្រតិ​បត្តិការលើវិស័យវប្បធម៌ និងទេស​ចរណ៍ ព្រមទាំងដើម្បីអបអរសាទរដល់ឆ្នាំវប្បធម៌ទេសចរណ៍កម្ពុជា-ចិន ដែលជាការចូល​រួមចំ​ណែក​យ៉ាង​​​សកម្មដល់ការអនុវត្តយុទ្ធសាស្រ្ត «ខ្សែក្រវាត់ និងវិថី» រវាងកម្ពុជា-ចិន។

តាមរយៈការសម្ដែងសិល្បៈរបាំ ចម្រៀង កំប្លែង សៀករហ័សកម្ម និងការពិពណ៌នាអំពីវប្បធម៌នៃប្រទេសទាំងពីរហាក់បង្ហាញថា មហាមិត្ត​កម្ពុជា-ចិន កំពុងឈានឆ្ពោះទៅសម្រេចបានការកសាង «សហគមន៍ជោគវាសនារួមគ្នា»

ព្រឹត្តិការណ៍ដ៏អធិកអធមនេះដែរ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក វ៉ាង វិនធាន ឯក​អគ្គរដ្ឋទូតចិនប្រចាំកម្ពុជានិងមានការចូលរួមពីសំណាក់លោកស្រី ម៉ិញ កុសនី រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រម​ទាំង​​ថ្នាក់ដឹកនាំ មន្ត្រីរាជការ ភ្ញៀវជាតិ-អន្តរជាតិជាច្រើនកុះករនៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូកេត្រា នារាត្រីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០​១៩​។

មុនចាប់ផ្ដើមការសម្ដែងសិល្បៈ លោក វ៉ាង វិនធាន បានថ្លែងថា ការសម្ដែងសិល្បៈរួមគ្នាកម្ពុជា-ចិននាពេលនេះ គឺពិតជាបានចូលរួមជំរុញ​ឱ្យ​កិច្ច​សហប្រតិបត្តិការរវាងកម្ពុជា និងចិនកាន់មានភាពល្អប្រសើរថែមទៀត ក្នុងក្របខណ្ឌយុទ្ធសាស្ត្រ«ខ្សែក្រវាត់ និងវិថី»

លោកឯកអគ្គរដ្ឋទូតបានបន្តថា តាមរយៈការសម្ដែងសិល្បៈនេះ កាន់តែធ្វើឱ្យប្រជាជនទាំងពីរស្វែងយល់ពីគ្នាទៅវិញទៅមកព្រមទាំងរួមគ្នា​ផ្សព្វ​ផ្សាយពីវិស័យវប្បធម៌ និងទេសចរណ៍ទៅកាន់ភ្ញៀវទេសចរអន្តរជាតិផងដែរ។

លោករដ្ឋមន្ត្រី ថោង ខុន បានថ្លែងថា ប្រទេសចិន និងកម្ពុជាគឺជាអ្នកជិតខាងល្អចេះជួយយកអាសាគ្នាទៅវិញទៅមក។ ប្រជាជនទាំងពីរ​មាន​ភាពស្រដៀងគ្នា និងចែករំលែកនូវប្រវត្តិសាស្ត្រជាមួយគ្នាច្រើន ដូចជាប្រពៃណី ទំនៀមទម្លាប់ និងវប្បធម៌ជាមួយនឹងប្រវត្តិនៃ​ទំនាក់​ទំនង​ការទូតដ៏យូរលង់ណាស់មកហើយ។

រដ្ឋមន្ត្រីទេសចរណ៍កម្ពុជាបានបន្តថា ទំនាក់ទំនងនេះត្រូវបានរឹតបន្តឹងកាន់តែស្អិតល្មួតបន្ថែមទៀត នាពេលបច្ចុប្បន្ន ក្រោមស្នាព្រះហស្ថព្រះ​ករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហមុនី និងសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយ លោកប្រធានាធិបតី ស៊ី ជីនពីង ដែល​បាន​បន្ត​ពីព្រះ​បាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ជាមួយលោកប្រធាន ម៉ៅ សេទុង។

លោករដ្ឋមន្ត្រីបានបន្ថែមថា «កម្ពុជា គឺជាគោលដៅទេសចរណ៍វប្បធម៌ដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរចិន និងពិភពលោកទាំងមូល»