ក្រុមហ៊ុន SCG ដែលជាសាជីវកម្មឈានមុខគេមួយនៅក្នុងតំបន់អាស៊ានបានបើកការប្រកួតប្រជែងជំនាញសំណង់ប្រចាំឆ្នាំលើកទី២ ដោយសហការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរបស់ប្រទេសកម្ពុជា ដើម្បីពង្រឹងសមត្ថភាពជាងសំណង់នៅកម្ពុជាខណៈដែលវិស័យសំណង់នៃប្រទេសនេះកំពុងរីកលូតលាស់យ៉ាងឆាប់រហ័ស ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
លោក វីរុត ផានិតភុតចាម៉ាន (Wirot Phanitphotchamarn) នាយកគ្រប់គ្រងផ្នែកទីផ្សារនិងការលក់របស់ SCG នៅកម្ពុជា បានថ្លែងនៅថ្ងៃទី២៧ខែវិច្ឆិកានេះថា កម្មវិធីប្រឡងប្រជែងជំនាញសំណង់នៅថ្ងៃនេះបង្ហាញពីបំណងប្រាថ្នារបស់SCGក្នុងការផ្ដល់ឱកាសប្រសើរឡើងនិងគុណភាពនៃការរស់នៅដល់អ្នកពាក់ព័ន្ធនៅក្នុងប្រទេសកម្ពុជា។
លោក វីរុត ថ្លែងថា «តាមរយៈកម្មវិធីនេះយើងចង់ជួយលើកកម្ពស់ជំនាញរបស់មេជាងសំណង់កម្ពុជា ក៏ដូចជា គុណភាពវិស័យសំណង់នៅកម្ពុជា។ ជាងនេះទៀតម្ចាស់លំនៅដ្ឋាននិងអ្នកអភិវឌ្ឍន៍គម្រោងសាងសង់ក៏នឹងទទួលបានស្តង់ដារនិងគុណភាពសំណង់ប្រសើរឡើងផងដែរ»។
លោក វីរុតក៏បានបន្ថែមថា នៅពេលដែលជំនាញរបស់ខ្លួនកាន់តែប្រសើរឡើង និងមានវិញ្ញាបនបត្រទទួលស្គាល់ពីកម្មវិធីបណ្ដុះបណ្ដាលនិងប្រកួតប្រជែងនេះមេជាងសំណង់ ឬអ្នកម៉ៅការសំណង់នៅក្នុងស្រុកនឹងមានឱកាសការងារនិងចំណូលកាន់តែខ្ពស់ថែមទៀត។
សម្រាប់ លោក ឡៅ ហ៊ីម អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ថ្លែងថាការអភិវឌ្ឍវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈគឺទាមទារចាំបាច់នូវការគាំទ្រនិងចូលរួមពីវិស័យឯកជន។
លោក ឡៅ ហ៊ីម មានប្រសាសន៍ដូច្នេះថា«សូមឱ្យក្រុមហ៊ុនចូលរួមគាំទ្រនូវរាល់សកម្មភាពដែលរដ្ឋត្រូវការការសហការពីវិស័យឯកជនមានដូចជាការចុះកម្មសិក្សា ការស្រាវជ្រាវ និងការចូលរួមអភិវឌ្ឍកញ្ចប់ស្តង់ដាបណ្តុះបណ្តាលជាដើម»។
លោកអនុរដ្ឋលេខាធិការបន្ថែមថា ប្រកួតប្រជែងជំនាញនេះនឹងចូលរួមចំណែកសម្រេចគោលនយោបាយជាតិក្នុងការកាត់បន្ថយភាពក្រីក្រតាមរយៈការបណ្តុះបណ្តាលលើជំនាញ បង្តើតការងារ បង្កើនផលិតភាពនិងបង្កើនប្រាក់ចំណូល។
មេជាងសំណង់ ៤០ រូបដែលចម្រាញ់ចេញពីមេជាងសំណង់ជាង ២០០នាក់ ដែលបានចូលរួមនៅក្នុងការប្រកួតប្រជែងជំនាញនៅតាមបណ្ដាខេត្តដែលរៀបចំដោយ SCG និងដៃគូរបស់ខ្លួន បានចូលរួមនៅក្នុងការប្រកួតប្រចាំឆ្នាំលើកទី២ នេះ។
បេក្ខជនមេជាងសំណង់ប្រកួតប្រជែងគ្នាលើ៣មុខជំនាញគឺជំនាញបូក ជំនាញប្រក់ដំបូល និងជំនាញដំឡើងស្មាតបត។
ការប្រកួតប្រជែងនេះ នឹងចម្រាញ់យកជ័យលាភីលេខ១ លេខ២និងលេខ៣លើមុខជំនាញនីមួយៗនៃមុខជំនាញទាំងបីហើយជ័យលាភីលេខ១ទទួលបានទឹកប្រាក់២លានរៀល និងដំណើរទស្សនកិច្ចទៅប្រទេសថៃ លេខ២ បានទឹកប្រាក់ ១លាន ២សែនរៀល និងលេខ៣បានទឹកប្រាក់ ៨សែនរៀល។
ប្រកួតប្រជែងជាងសំណង់ប្រចាំឆ្នាំលើកទី២នេះគឺជាផ្នែកមួយនៃកម្មវិធីបណ្ដុះបណ្ដាលជាងសំណង់អេសស៊ីជីដែលមានគោលបំណងជួយលើកស្ទួយវិស័យសំណង់នៅកម្ពុជា ក្នុងរយៈពេលវែង ។
អេសស៊ីជី សហការជាមួយក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈតាមរយៈវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC)បានរៀបចំឲ្យមានការប្រកួតប្រជែងជំនាញមេជាងសំណង់នេះ ចាប់តាំងពីឆ្នាំ២០១៨មក។
គិតរហូតមកដល់ចុងឆ្នាំ២០១៩នេះ មេជាងសំណង់ជាង ៤០០នាក់មកពីទូទាំងប្រទេសកម្ពុជាបានទទួលការបណ្ដុះបណ្ដាល និងជិត ៨០នាក់បានចូលរួមនៅក្នុងប្រកួតប្រជែងជំនាញប្រចាំឆ្នាំដែលរៀបចំដោយក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងក្រុមហ៊ុន SCG៕