ភ្នំពេញ៖ ធនាគារ អេស៊ីលីដា «គ្រោងបោះផ្សាយលក់ភាគហ៊ុន ក្នុងពេលឆាប់ៗនេះ» បន្ទាប់ពីទទួលបានការយល់ព្រមពីធនាគារជាតិនៃកម្ពុជា កាលពីពេលថ្មីៗនេះ ធនាគារអេស៊ីលីដា គ្រោងបន្តគម្រោងបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ ឬហៅថា លក់ភាគហ៊ុន លើកដំបូងជាសាធារណៈ នៅកម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះ។
តាមសេចក្ដីប្រកាសព័ត៌មាន ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹងក្លាយជាធនាគារ ពាណិជ្ជទី១ នៅកម្ពុជា ដែលនឹងចុះបញ្ជីលក់ភាគហ៊ុន ក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា។ ធនាគារ អេស៊ីលីដា គ្រោង បោះផ្សាយ លក់ភាគហ៊ុន នៅពេលឆាប់ៗនេះ បន្ទាប់ពីទើបទទួលបាន ការយល់ព្រម ពីធនាគារជាតិនៃ កម្ពុជា ។
បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានបញ្ជាក់ថា ការបោះ ផ្សាយមូលបត្រកម្មសិទ្ធិជាលើកដំបូងរបស់ធនាគារអេស៊ីលីដា គឺ ដើម្បីបង្កើនប្រភពទុនដ៏សម្បូរបែប និងគាំទ្រការរីកចម្រើននាពេលអនាគត។
លោកបណ្ឌិត អ៊ិន ចាន់នី បានបញ្ជាក់ទៀតថា «ធនាគារទើបនឹង ទទួលបានលិខិតពីធនាគារជាតិ នៃកម្ពុជា ដើម្បីបន្តនីតិវិធីស្នើសុំបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ លើកដំបូងជាសាធារណៈ របស់ធនាគារ នៅគណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក.) ។ ភាគហ៊ុនិករបស់ធនាគារបានឯកភាពគ្នាជាឯកច្ឆន្ទ ធ្វើការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈដើម្បីបង្កើនប្រភពទុនដ៏សម្បូរបែប និងគាំទ្រការរីកចម្រើននាពេលអនាគត តាមរយៈទីផ្សារមូលធនកម្ពុជា» ។
ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ ជាសាធារណៈលើកដំបូងរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ត្រូវបានចាត់ទុកជា “ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈជូនប្រជាពលរដ្ឋ” ដែលលើកទឹកចិត្តដល់វិនិយោគិនរូបវ័ន្តបុគ្គល និងសាធារណជន ក្នុងការទិញភាគហ៊ុនទៅតាមលទ្ធភាព របស់ខ្លួន ៕