សៀមរាប៖ សម្តេចតេជោ ហ៊ុន សែន និងម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឧបត្ថម្ភថវិកាប្រមាណ ២០លានរៀលដល់អ្នកស្លាប់ និង ៣លានរៀល សម្រាប់អ្នករងរបួសបាក់ប្លង់សេអគារសាលាឆាន់ នៅវត្តប្រាសាទគោកចក ស្ថិតនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ។
នេះយោងតាមលោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានប្រាប់សារព័ត៌មានក្នុងស្រុក កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩នេះថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះហេតុការណ៍បាក់រលំប្លង់សេអគារសាលាឆាន់នេះ។ បានចូលរួមសោកស្តាយជាមួយក្រុមគ្រួសារជនរងគ្រោះទាំងអស់ ដែលបានរងគ្រោះក្នុងហេតុការណ៍ដ៏អកុសលនេះផងដែរ។
លោកទេសរដ្ឋមន្ត្រី គន់ គីម បានឱ្យដឹងថា សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភថវិកាប្រមាណ ២០លានរៀល សម្រាប់គ្រួសារជនរងគ្រោះដែលស្លាប់បាត់បង់ជីវិត និងឧត្ថម្ភ ៣លានរៀលក្នុងមួយនាក់ សម្រាប់អ្នករងរបួស។
លោកទេសរដ្ឋមន្ត្រី គន់ គីម បានបញ្ជាក់ថា ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតមានពីរនាក់នៅក្នុងខេត្តសៀមរាប និងមួយនាក់ទៀតនៅខេត្តព្រៃវែង។ សពជនរងគ្រោះត្រូវបានអាជ្ញាធរចាត់ចែងដឹកទៅកាន់លំនៅឋាន ដើម្បីរៀបចំធ្វើពិធីបុណ្យតាមប្រពៃណី
សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩នេះ មានហេតុការណ៍បាក់រលំប្លង់សេអគារសាលាឆាន់ នៅវត្តប្រាសាទគោកចក ស្ថិតនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប។ ហេតុការណ៍នេះ បណ្តាលឱ្យព្រះសង្ឃ និងប្រជាពលរដ្ឋ រងរបួសធ្ងន់ស្រាល និង ៣នាក់បានស្លាប់បាត់បង់ជីវិត៕