ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងធនធានទឹក និងឧតុនិយម លើការងារស្រោចស្រព ដើម្បីដោះស្រាយទឹកជូនដល់បងប្អូនប្រជាកសិករ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ ក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងធនធានទឹក និងឧតុនិយម លើការងារស្រោចស្រព ដើម្បីដោះស្រាយទឹកជូនដល់បងប្អូនប្រជាកសិករ នៅក្នុងប្រទេសកម្ពុជា។

ការកោតសរសើរ និងវាយតម្លៃបែបនេះ ធ្វើឡើងនៅក្នុងការពិគ្រោះពិភាក្សាផ្តល់ធាតុចូលក្នុងក្របខ័ណ្ឌឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅវិមានសន្តិភាពតី ដែលឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំគណៈប្រតិភូក្រសួងធនធានទឹក និងឧតុនិយម បានធ្វើបទបង្ហាញស្ដីពីការវិវឌ្ឍរីកចម្រើនលើវិស័យធនធានទឹក និងឧតុនិយមជូនដល់អង្គប្រជុំ។

តាមរយៈបទបង្ហាញនេះ ក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ពិសេសក្រសួងធនធានទឹក និងឧតុនិយម ដែលបានធ្វើការអភិវឌ្ឍជាបន្តបន្ទាប់លើការងារស្រោចស្រព ដើម្បីដោះស្រាយទឹកជូនដល់បងប្អូនប្រជាកសិករ បន្ថែមលើសពីនេះ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ក៏បានវាយតម្លៃខ្ពស់ផងដែរ ចំពោះឯកឧត្តមរដ្ឋមន្ត្រី ដែលបានដឹកនាំក្រុមអ្នកបច្ចេកទេសរបស់ក្រសួង ធ្វើការសិក្សាស្រាវជ្រាវ និងប្រមូលចងក្រងទិន្នន័យ ទុកជាឯកសារដ៏មានតម្លៃ សម្រាប់ការសិក្សាស្រាវជ្រាវ និងការអភិវឌ្ឍ របស់អ្នកជំនាន់ក្រោយ។

បន្ទាប់ពីបទបង្ហាញ ស្ដីពីសមិទ្ធផលការងារ និងការសិក្សាស្រាវជ្រាវរបស់ឯកឧត្តមរដ្ឋមន្ត្រីរួចមក សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានលើកឡើងនូវសំណួរ និងសំណូមពរមួយចំនួន ពាក់ព័ន្ធលើការគ្រប់គ្រងធនធានទឹក ការអភិរក្សបឹងបួរ ស្ទឹង ទន្លេ ព្រែក អូរ… ព្រមទាំងបានពាំនាំនូវសំណើរបស់ប្រជាពលរដ្ឋមួយចំនួន ដែលបានស្នើសុំសិទ្ធិកាន់កាប់ដីធ្លី នៅតំបន់អាងទឹកមួយចំនួន។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រីបានទទួលយកនៅធាតុចូលនានា ដែលបានលើកឡើងដោយតំណាងគណបក្ស នៅក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ដើម្បីដាក់បញ្ចូលទៅក្នុងផែនការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍរបស់ក្រសួង។ ចំពោះសំណើសុំសិទ្ធិកាន់កាប់ដីធ្លី ដែលមានការជាប់ពាក់ព័ន្ធនឹងអាងទឹកតូចមួយចំនួន ឯកឧត្តមរដ្ឋមន្ត្រីនឹងលើកយកបញ្ហានេះទៅពិនិត្យ ពិភាក្សាជាមួយឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត ដែលមានការពាក់ព័ន្ធ។

ចំពោះការយកប្រាក់ពីប្រជាពលរដ្ឋ ដែលចូលទៅកម្សាន្តតាមបណ្ដាប្រព័ន្ធធារាសាស្ត្រនានា ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម ពុំមានការពាក់ព័ន្ធនឹងការតម្រូវឲ្យបង់ប្រាក់នេះទេ ហើយឯកឧត្តមរដ្ឋមន្ត្រីនឹងលើកយកបញ្ហានេះ ទៅពិភាក្សាជាមួយក្រសួង ស្ថាប័ន និងអាជ្ញាធរដែនដី ដែលមានការពាក់ព័ន្ធ៕