ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព្រះសង្ឃជប៉ុន ក្នុងប្រទេសជប៉ុន រៀបចំពិធីបុណ្យឧទ្ទិសមហាព្រះរាជកុសលថ្វាយដួងព្រះវិញ្ញាណក្ខន្ធ សម្តេចព្រះរៀម នរោត្តម បុប្ផាទេវី

(ភ្នំពេញ)៖ យោងតាមទំព័រហ្វេសប៊ុករបស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ទេសសូ (Tesso Sisowath) បានឲ្យដឹងថា ព្រះសង្ឃជប៉ុន និងពុទ្ធសាសនិករាប់រយអង្គ-អ្នក នៅក្នុងប្រទេសជប៉ុន បានរៀបចំពិធីបុណ្យឧទ្ទិសមហាព្រះរាជកុសលថ្វាយដួងព្រះវិញ្ញាណក្ខន្ធ ដល់ព្រះរាជបុត្រី សម្តេចព្រះរៀម នរោត្តម បុប្ផាទេវី។

ទំព័រហ្វេសប៊ុកនេះបានសរសេរថា ព្រះតេជព្រះគុណបណ្ឌិត Kyuse Enshinjoh បានដឹកនាំប្រារព្ធព្រះរាជពិធីថ្វាយមហាព្រះរាជកុសលដល់ព្រះរាជបុត្រី សម្តេចព្រះរៀម នរោត្តម បុប្ផាទេវី នៅក្នុងវត្ត Nenbutsushu Sampoza Muryojuji នាទីក្រុងកូបេ ប្រទេសជប៉ុន កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩នេះ។

នៅក្នុងពិធីសាសនា ក្នុងប្រទេសជប៉ុននេះ ក៏មានការយាងចូលរួមព្រះរាជវង្សានុវង្សកម្ពុជាផងដែរ ប៉ុន្តែមិនមានបញ្ជាក់ឲ្យបានច្បាស់លាស់ឡើយ ដែលតាមរយៈរូបថត គេគ្រាន់តែឃើញព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ទេសសូ បានយាងដុតធុបនៅក្នុងឱកាសនោះ។

កាលពីពេលថ្មីៗ កន្លងមកនេះ ព្រះសង្ឃជប៉ុនរាប់រយអង្គ នៅក្នុងប្រទេសជប៉ុន បានរៀបចំពិធីបុណ្យឧទ្ទិសមហាព្រះរាជកុសលថ្វាយដួងព្រះវិញ្ញាណក្ខន្ធ អតីតព្រះមហាវរក្សត្រកម្ពុជា ព្រះករុណា ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ នាគម្រប់ខួប៧ឆ្នាំនៃការយាងចូលទីវង្គត ដែល​ពិធីនោះ ត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធម ក្រោមការដឹកនាំរៀបចំដោយព្រះសង្ឃជាន់ខ្ពស់ជប៉ុន។

ព្រះតេជព្រះគុណបណ្ឌិត Kyuse Enshinjoh ស្ថាបនិកអង្គការព្រះពុទ្ធសាសនាពិភពលោក និកាយ Nenbutsushu បានរំឭកដល់អនុស្សាវរីយ៍ជាមួយព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នាប្រទេសជប៉ុន»។

សូមរំឭកថា សម្ដេច​រាជ​បុត្រី​ ព្រះ​រៀម​ នរោត្តម​ បុប្ផា​ទេវី​ បានយាងសោយព្រះពិរាល័យក្នុងព្រះជន្ម៧៦ព្រះវស្សា នាវេលាម៉ោង១២:៣០នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងមន្ទីរពេទ្យព្រះរាជាណាចក្រថៃ ដោយជរាពាធ។

ព្រះអង្គ ព្រះប្រសូតនៅថ្ងៃទី០៨ ខែមករា ឆ្នាំ១៩៤៣ នារាជធានីភ្នំពេញ ទ្រង់ជាព្រះរាជបុត្រីច្បង នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងអ្នកម្នាង ផាត់ កាញ៉ុល នាដការី នៃរបាំព្រះរាជទ្រព្យ។

សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ទេពនាថវដ្តីឯក គឺជាព្រះនិមិត្តរូប នៃរបាំព្រះរាជទ្រព្យខ្មែរ ពីព្រោះតែកាលពីអតីតកាល ក៏ដូចជាបច្ចុប្បន្ន ប្រជាជនខ្មែរដែលស្គាល់ ឬឮឈ្មោះរបាំព្រះរាជទ្រព្យ តែងតែនឹកឃើញជានិច្ចដល់ព្រះនាមរបស់ទ្រង់ ដែលជាអ្នកសម្តែងរបាំដ៏ប៉ិនប្រសប់នេះ រួមជាមួយសម្រស់ដ៏ស្រស់សោភា។

ទោះបីជាបច្ចុប្បន្ន ព្រះអង្គ មានព្រះជន្ម៧៦ព្រះវស្សា និងឈប់សម្តែងក្តី ក៏ទ្រង់នៅតែបន្តរៀបចំក្រុមសម្តែងរបាំព្រះរាជទ្រព្យ ដើម្បីផ្សព្វផ្សាយឲ្យយុវជនជំនាន់ក្រោយបានដឹង និងជាពិសេសផ្សព្វផ្សាយនៅលើឆាកអន្តរជាតិ។ ព្រះអង្គ ត្រូវជាព្រះរៀមបង្កើតរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងត្រូវជារៀមបង្កើតមាតាទីទៃ នៃព្រះ​ករុណា​ជាអម្ចាស់ជីវិតលើត្បូង ព្រះ​បាទ​សម្ដេច​ព្រះ​បរមនាថ​ នរោត្តម ​សីហមុនី​ ព្រះ​មហាក្សត្រ​ នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត៕

 

 

Swift News ផាន់ អាណា