ប្រព័ន្ធផ្សព្វផ្សាយ RT បានចុះផ្សាយថា អង្គការសហប្រជាជាតិបានបើកវេទិកាជាលើកដំបូង រយៈពេលពីរថ្ងៃ គឺនៅថ្ងៃអង្គារ និងថ្ងៃពុធ ទី១៨ ខែធ្នូនេះ នៅទីក្រុងសឺណែវ ប្រទេសស្វីស ស្តីពីវិបត្តិជនភៀសខ្លួននៅជុំវិញពិភពលោកសម្រាប់ឆ្នាំ២០១៩ និងឆ្នាំបន្ទាប់ទៀត ដែលចេះតែកើនឡើងជាលំដាប់ ។
ក្នុងវេទិកានេះ នាយករដ្ឋមន្ត្រីរបស់ប្រទេសប៉ាគិស្ថាន លោក អ៊ីមរ៉ាន់ ខាន់ (Imran Khan) បានព្រមាន ថា ប្រសិនបើមេដឹកនាំរបស់ប្រទេសឥណ្ឌា នៅតែប្រកាន់យកគោលនយោបាយថ្មី ក្នុងជម្លោះនៅតំបន់ កាស្មៀរ (Kashmir region) បន្តទៀត វិបត្តិជនភៀសខ្លួននៃប្រទេសទាំងពីរនឹងអាចកើតឡើងនៅពេលខាងមុខ ។
របាយការណ៍របស់អង្គការសហប្រជាជាតិបានបង្ហាញថា ជនភៀសខ្លួននៅជុំវិញពិភពលោកក្នុងឆ្នាំ ២០១៩នេះ បានកើនឡើងខ្ពស់បំផុតមិនធ្លាប់មានក្នុងបរិមាណជាង២៦លាននាក់ ក្នុងចំណោមជន បម្លាស់ទីសរុបប្រមាណជាង៧១លាននាក់ ដែលបានរត់ចេញពីប្រទេសកំណើតរបស់ខ្លួនដោយសារសង្គ្រាម ក្រីក្រ និងគ្រោះទុរ្ភិក្ស ៕