លោក ហ្កៅ ហ្វឹង (Gao Feng) អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន បានប្រកាសថា ក្រុមតំណាង ផ្នែកពាណិជ្ជកម្មចិន និងសហរដ្ឋអាមេរិក កំពុងភ្ជាប់ទំនាក់ទំនងគ្នា ក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជជំហ៊ានទី១ (Phase 1 deal) រវាងប្រទេសទាំងពីរ ។ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារ Reuters នៅទី១៩ ខែធ្នូ ឆ្នាំ២០១៩នេះ។
លោក ហ្កៅ ហ្វឹង បានឲ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជជំហ៊ានទី១រវាងចិន និងអាមេរិកត្រូវបានប្រកាសចាប់តាំងពីចុងសប្តាហ៍មុន ។ ប៉ុន្តែមេដឹកនាំនៃប្រទេសទាំងពីរមិនទាន់បានចុះហត្ថលេខានោះទេ ។
កិច្ចព្រមព្រៀងពាណិជ្ជជំហ៊ានទី១ចិន និងអាមេរិក គឺភាគីចិនបានព្រមព្រៀងបង្កើនការទិញទំនិញ និងសេវាកម្មពីសហរដ្ឋអាមេរិកក្នុងតម្លៃទឹកប្រាក់យ៉ាងហោចណាស់២០០ពាន់លានដុល្លារក្នុងមួយឆ្នាំ និងបង្កើនការទិញផលិតផលកសិកម្មក្នុងតម្លៃទឹកប្រាក់៤០ពាន់លានដុល្លារបន្ថែមទៀត លើទឹកប្រាក់ ២៤ពាន់លានដុល្លារ ដែលចិនបានទិញកាលពីឆ្នាំ២០១៧កន្លងទៅ ៕