ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ នេះ បានប្រកាសថា តាម រយៈការតាមដានស្ថានភាពអាកាសធាតុជាបន្តបន្ទាប់ជារួម និងដោយឡែកសម្រាប់កម្ពុជា បង្ហាញឲ្យឃើញថា កម្ពុជាយើងបាននិង បន្តទទួលរងនូវឥទ្ធិពល នៃជ្រលងសម្ពាធខ្ពស់ខ្សោយ ។ នៅក្នុងមហាសមុទ្រភាគខាងកើតហ្វីលីពីន ព្យុះទី២៩ ឈ្មោះ ហ្វាន់ហ្វូន ( PHANFONE ) បាន និងកំពុងធ្វើដំណើរឆ្លងកាត់ហ្វីលីពីន រួចបន្តដំណើរចូលសមុទ្រចិនខាងត្បូង តែមិនមានឥទ្ធិពលអ្វីដល់កម្ពុជាយើងឡើយ។
សេចក្តីជូនដំណឹង ដដែលបានអាកាសឲ្យដេងថា ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ក្រសួងធនធានទឹក និងឧតុនិយម បង្ហាញថា ស្ថានភាពបែបនេះ ធ្វើឲ្យ៖
១-ចាប់ពីថ្ងៃទី២៦-២៩ ខែធ្នូ បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងតំបន់ខ្ពង់រាបឦសាន មានជាអាទិ៍៖
ខេត្តព្រះវិហារ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងខេត្តប៉ៃលិន នឹងមានធាតុអាកាសត្រជាក់ពេលព្រឹក ដោយសីតុណ្ហភាពអប្បបរមា មានពី ១៧-១៩ °C និងសីតុណ្ហភាពអតិបរមា មានពី ២៧-៣០ °C។
២-បណ្តាខេត្តដទៃទៀត សីតុណ្ហភាពអប្បបរមា មានពី ២០-២៤ °C និងសីតុណ្ហភាពអតិបរមា មានពី ៣០-៣៣ °C។
សូមរម្លឹកថា ធាតុអាកាសត្រជាក់ បានកើតឡើងកាលពីដើមខែធ្នូនេះ ដោយត្រជាក់ជាងគេ នៅខេត្តឧត្តរមានជ័យ ព្រះវិហារ ប៉ៃលិន ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី សីតុណ្ហភាពអប្បរមា មានពី ១៦-១៨ °C។ រីឯសីតុណ្ហភាពអតិបរមា មានពី ២៥-២៧ °C។
ចំណែកខេត្តដទៃទៀត កាលពីអំឡុងពេលចុះត្រជាក់ នៅដើមខែធ្នូនេះ គឺមានសីតុណ្ហភាពទាបបំផុតចន្លោះពី ១៨-២០ °C៕