នៅព្រឹកថ្ងៃទី២២ខែធ្នូឆ្នាំ២០១៩ខ្ញុំបានមកជួបជនពិការ មាស សុផាត ដែល ឯក ឧត្តម កើត សារ៉េត រំលោភយកដីគាត់ទំហំជាង១ហិកតានៅភូមិដួងសង្កាត់ព្រែកព្នៅខណ្ឌព្រែកព្នៅ ។
នៅឆ្នាំ១៩៩២ លោក កើត សារ៉េត បានទិញដីមួយកន្លែងទំហំ ៤៦៨៩ ម៉ែត្រការ៉េ នៅជាប់ផ្លូវជាតិលេខ៥ ភូមិដួង សង្កាត់ព្រែកព្នៅពីឈ្មោះ អ៊ុន អយហើយបានអោយលោក មាស សុផាតចាំដីនោះអោយ។
ក្នុងអំឡុងពេលចាំដីអោយ លោក កើត សារ៉េតនៅឆ្នាំ១៩៩៤ លោក មាស សុផាតបានធ្វើលិខិតស្នើសុំខ្ចីដីបឹងទំហំជាង១ ហិកតាទៅអាជ្ញាធរភូមិឃុំហើយអាជ្ញាធរ ភូមិ ឃុំបានចុះហត្ថលេខាអនុញ្ញាតអោយលោក មាស សុផាត តាមការស្នើសុំ។លោក មាស សុផាតបានប្រើប្រាស់ដីដែលស្នើសុំនោះធ្វើជាកន្លែងចឹញ្ចឹមត្រីរហូតមកមិនដែលមានបញ្ហាអ្វីទេ។
លុះដល់ឆ្នាំ១៩៩៩ស្រាប់តែលោក កើត សារ៉េត ធ្វើប្លង់យកដីរបស់លោក មាស សុផាត ដែលខ្ចីពីភូមិឃុំតែម្ដង។
ប្រជាជនរស់នៅភូមិដួងបានចេញមកបំភ្លឺថា លោក កើត សារ៉េត មិនដែលមករស់នៅលើដីនោះទេហេតុអ្វីបានជាមានប្លង់ទៅវិញ? តើប្លង់នេះធ្លាក់ពីលើមេឃមកដោយរបៀបណា ? មានមន្ត្រីសូរិយោដីខ្លះបានប្រាប់ខ្ញុំថាដីដែលលោក មាស សុផាត នៅនោះជាដីរបស់រដ្ឋទេ។ខ្ញុំសួរទៅវិញថាបើជាដីរបស់រដ្ឋហេតុអ្វីបានចេញប្លង់អោយលោកកើត សារ៉េត ទៅវិញ?ហើយលោក កើត សារ៉េត មិនដែលរស់នៅលើដីនោះផងតើលោកស្នើសុំចេញប័ណ្ណដោយរបៀបណា ?
បន្ទាប់ពីដឹងថា លោក កើត សារ៉េត ធ្វើប្លង់យកដីរបស់ខ្លួនលោក មាស សុផាត និងលោក កើត សារ៉េតក៏បានប្ដឹងផ្ដល់គ្នាហើយតុលាការគ្រប់ជាន់ថ្នាក់បានសម្រេចអោយលោក កើត សារ៉េត ឈ្នះក្ដី។ក្នុងអំឡុងពេលប្ដឹងផ្ដល់គ្នាមានប្រជាជាជាច្រើននាក់និងអាជ្ញាធរបានបំភ្លឺការពិតជាច្រើនអោយតុលាការតែតុលាការមិនពិចារណាចម្លើយបំភ្លឺរបស់ជនរងគ្រោះនិងសាក្សីទេ។តុលាការសម្រេចសេចក្ដីយោងលើតែប្លង់រឹងតែប៉ុណ្ណោះ ។
លុះពេលចុះអនុវត្តន៍សាលដីការបស់តុលាការកំពូលលោក មាស សុផាត និងក្រុមគ្រួសារ រួមទាំងប្រជាជនជាច្រើននាក់បានប្រឆាំងនឹងការអនុវត្តន៍នេះហើយមន្ត្រីចុះអនុវត្តន៍ក៏បានផ្អាករហូតមកដល់សព្វថ្ងៃ ។
បច្ចុប្បន្ន លោក មាស សុផាត បានប្ដឹងស្នើគ្រប់ស្ថាប័នពាក់ព័ន្ធដើម្បីទាមទារយកដីរបស់គាត់មកវិញ។ប៉ុន្តែបណ្ដឹង របស់លោកមាស សុផាត ហាក់គ្មានចំណាត់ការពីស្ថាប័នណាសោះ។
ការស្រាវជ្រាវស៊ើបអង្កេតរឿងនេះមិនពិបាកទេបើអាជ្ញាធរឬស្ថាប័នពាក់ព័ន្ធពិតជាមានឆន្ទះក្នុងការរកដំណោះស្រាយជូនលោក មាស សុផាត។អាជ្ញាធរនិងស្ថាប័នពាក់ព័ន្ធគួរតែចុះស្រាវជ្រាវស៊ើបអង្កេតរឿងនេះ ដោយកោះហៅសាក្សីរស់នៅមន្ត្រីភូមិឃុំ ជំនាន់មុនមកសាកសួរព័ត៌មាននឹងដឹងរឿងពិតជាក់ជាពុំខាន ។
សង្ឃឹមថា ថ្នាក់ដឹកនាំនឹងពិចារណារកដំណោះស្រាយប្រកបដោយយុត្តិធម៌ ដើម្បីជួយលោក មាស សុផាត ជាជនពិការជាក់ជាពុំខាន ។
លិខិតមិត្តអ្នកអានផ្ញើមកអង្គភាព«ដេលីខ្មែរ» ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩