(ភ្នំពេញ)៖ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន បានបង្កើតពាក្យស្លោកឲ្យអ្នកសារព័ត៌មានជិត៦០០០នាក់ ជួបជុំគ្នានៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ និងចំថ្ងៃខួប៣៥ឆ្នាំនៃការកាន់តំណែងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា «កុំបំពានសិទ្ធិអ្នកដទៃ កុំនិយាយបំភ្លៃការពិត»។
សម្តេចតេជោ បានបញ្ជាក់ទៀតថា «កុំបំពានសិទ្ធិអ្នកដទៃ កុំនិយាយបំភ្លៃការពិត គឺបាលីការពារអ្នកកាសែត»។
ថ្លែងស្វាគមន៍វត្តមាន សម្តេចតេជោនាយករដ្ឋមន្ត្រី លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍អំពីការដឹកនាំដ៏ឆ្លាតវៃ របស់សម្តេចតេជោ ហ៊ុន សែន «បាននាំប្រទេសកម្ពុជាឲ្យរីកចម្រើន អ្នកជំងឺនៅអាស៊ី ក្លាយជាតារាឯកនៅអាស៊ី»។
នៅក្នុងពិធីជួបជុំនេះ ក្រៅពីអ្នកសារព័ត៌មាន ក៏មានមន្ត្រីអ្នកនាំពាក្យ តាមក្រសួងស្ថាប័នជាតិ ព្រមទាំងថ្នាក់ខេត្តរាជធានី ចូលរួមផងដែរ។
កាលពីឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុនសែន បានជួបជាមួយអ្នកសារព័ត៌មានជាង១០០០នាក់ ជាជំនួបលើកដំបូង កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ នៅសណ្ឋាគារ សុខា ភ្នំពេញ នៅជ្រោយចង្វារ។ លើកទី២ នៅថ្ងៃទី២១ មករា ឆ្នាំ២០១៨ នៅកោះពេជ្រ និងលើកទី៣ នៅថ្ងៃទី១១ មករា ឆ្នាំ២០១៩ នៅកោះពេជ្រ។
ជំនួបរវាងសម្តេចតេជោនាយករដ្ឋមន្ត្រី និងអ្នកសារព័ត៌មាន ៣លើកកន្លងមក ត្រូវបានចាត់ទុកថា ជាថ្ងៃប្រវត្តិសាស្ត្រមួយ នៅក្នុងវិស័យសារព័ត៌មានកម្ពុជា ដែលជាឱកាសឲ្យអ្នកសារព័ត៌មានក្នុងស្រុក បានជួបជុំជាមួយអ្នកសារព័ត៌មានដូចគ្នា មកពីបណ្តាខេត្ត និងក្នុងរាជធានីភ្នំពេញ បានជជែកពិភាក្សាគ្នា និងចែករំលែកបទពិសោធន៍ឲ្យគ្នាទៅវិញទៅមក។
ការអញ្ជើញផ្តល់កិត្តិយសពីសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងជំនួបជាមួយអ្នកកាសែត គឺបានបញ្ជាក់យ៉ាងច្បាស់អំពីការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ចំពោះអ្នកសារព័ត៌មាន ដើម្បីបង្កើនទំនាក់ទំនងល្អ ក្នុងការជួយជំរុញការអភិវឌ្ឍប្រទេសជាតិ អោយកាន់តែរីកចម្រើន៕