ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សមាជិកសភាជប៉ុនកោតសរសើរកម្ពុជាមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សបំផុត

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជួបពិភាក្សាការងារជាមួយ លោក យ៉ាម៉ាម៉ូតុ កូហ្សូ (YAMAMOTO KOZO)សមាជិកសភាជប៉ុននៅវិមានសន្តិភាពព្រឹកថ្ងៃព្រហស្បត៍ទី១៦ ខែមករា ឆ្នាំ២០២០នេះ។

លោក យ៉ាម៉ាម៉ូតុ កូហ្សូ (YAMAMOTO KOZO) បានគោរពជម្រាបជូន សម្ដេចតេជោនាយករដ្ឋមន្ត្រីថា លោកធ្លាប់បានជួបជាមួយសម្តេចតេជោកាលពីឆ្នាំ២០០៧ ហើយលោកបានពិនិត្យឃើញថា «កម្ពុជាមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សបំផុត»។

ជាមួយគ្នានេះ លោកបានគោរពជម្រាបជូន សម្ដេចតេជោបន្តថា ដំណើរទស្សនកិច្ចមកកាន់កម្ពុជានៅពេលនេះ គឺមានគោលដៅពីរ ១)គឺដើម្បីសិក្សាពីសេវាទូទាត់ប្រាក់តាមប្រព័ន្ធទូរស័ព្ទដៃ និងការអភិវឌ្ឍនប្លុកឆេងនៅកម្ពុជា។

ការអភិវឌ្ឍប្លុកឆេង (Blockchain)នៅកម្ពុជានេះ លោកបានបញ្ជាក់ថា«បើសិនដាក់ឲ្យដំណើរការរួចហើយនោះ កម្ពុជាគឺជាប្រទេសទីមួយហើយដែលដាក់ចេញឲ្យប្រើប្រាស់នូវប្រព័ន្ធឌីជីថលទំនើបមួយនេះ»។

គោលដៅទី២ គឺលោក មកធ្វើការសិក្សាអំពីបញ្ហាការផ្គត់ផ្គង់ទឹកស្អាតនៅទីក្រុងភ្នំពេញ ទន្ទឹមនឹងនោះ លោកក៏បានស្នើសុំអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោនាយករដ្ឋមន្ត្រី នៅបញ្ហាទាំងពីរខាងលើ។

សម្ដេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តលោកមកធ្វើការសិក្សាទៅលើការប្រើប្រាស់ការទូទាត់ប្រាក់តាមប្រព័ន្ធទូរស័ព្ទដៃ និងប្លុកឆេង (Blockchain)ដើម្បីឱ្យការទូទាត់តាមប្រព័ន្ធឌីជីថលនេះ ឲ្យមានដំណើរការល្អប្រសើរនិងសុក្រឹត្យភាពនៅកម្ពុជា។

ពាក់ព័ន្ធជាមួយនឹងបញ្ហាទឹកស្អាត សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា កម្ពុជាគឺត្រូវការពង្រីកស្ថានីយទឹកស្អាតឲ្យបានច្រើនថែមទៀត ដោយសារតែរាជធានីភ្នំពេញកាន់តែរីកធំឡើងជាលំដាប់ពី ៣០០គីឡូម៉ែត្រការ៉េ រហូតទៅដល់ប្រមាណជាង៦០០ គីឡូម៉ែត្រការ៉េ ហើយការអភិវឌ្ឍផ្ទះសម្បែងមានការរីកលូតលាស់ និងឆាប់រហ័សផង​ដែរ។

រីឯរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក៏កំពុងទទួលការផ្គត់ផ្គង់ទឹកទៅកាន់ក្រុងតាខ្មៅខេត្តកណ្ដាលផងដែរ។ ទន្ទឹមនឹងនោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការងារពីរដែលត្រូវធ្វើនោះគឺ ១)ត្រូវពង្រីកនូវសមត្ថភាពការផ្គត់ផ្គង់ទឹកស្អាតឲ្យដល់ប្រជាពលរដ្ឋប្រើប្រាស់កាន់តែទូលំទូលាយ និង ២)គឺធ្វើយ៉ាងណាពង្រីកបណ្ដាញចែកចាយទៅកាន់តំ​បន់​អភិវឌ្ឍន៍ថ្មីៗថែមទៀត៕