ភ្នំពេញ៖ លោក ឈឹម ច័ន្ទកុសល ប្រធាននាយកដ្ឋានបោះផ្សាយ និងឃ្លាំងបេឡា នៃធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា ការបោះផ្សាយប្រាក់រៀល ទៅក្នុងចរាចរបានកើនឡើង ៥០,៤% ជាពិសេសគឺក្រដាសប្រាក់ប្រភេទធំៗ ដូចជា ១០០.០០០ រៀល (កើនឡើង៣ដង) និង ៥០.០០០រៀល (កើនឡើង២ដង)។
លោកច័ន្ទកុសល បានថ្លែងបែបនេះ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ នៅសាលសន្និសីទចតុម្មុខ ថ្ងៃទី១៦-១៧ ខែមករា ឆ្នាំ២០២០ ។
សន្និបាតនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងអបអរសាទរ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីលទ្ធផលការងារដែលធនាគារជាតិនៃកម្ពុជាសម្រេចបានក្នុងឆ្នាំ២០១៩ និងទិសដៅការងារចម្បងៗ សម្រាប់ឆ្នាំ២០២០ សំដៅឈានទៅបន្តសម្រេចឱ្យបាននូវជោគជ័យថ្មីៗបន្ថែមទៀត សម្រាប់ប្រព័ន្ធធនាគារក៏ដូចជាសេដ្ឋកិច្ចកម្ពុជាទាំងមូល៕