លោក អ៊ុង ទូ (Aung HToo) អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់សហភាពមីយ៉ាន ម៉ា បាននិយាយថា លោក ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីរបស់ប្រទេស ចិន បានធ្វើដំណើរទៅដល់សហភាពមីយ៉ានម៉ាហើយនៅថ្ងៃសុក្រ ទី១៧ ខែមករានេះ ដែលជាដំណើរទស្សនកិច្ចរបស់មេដឹកនាំកំពូលចិនជាលើកដំបូងក្នុងរយៈពេល ១៩ ឆ្នាំ ទៅកាន់ប្រទេសនេះ ។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ Aljazeera របស់ប្រទេសកាតា ។
លោក អ៊ុង ទូ បានបន្ថែមថា ក្នុងដំណើរទស្សនកិច្ចនេះ លោក ស៊ី ជីនពីង នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង ផ្តល់ជំនួយទឹកប្រាក់ប្រមាណ១.៣ពាន់លានដុល្លារអាមេរិកដល់សហភាពមីយ៉ានម៉ា ក្នុងគម្រោងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស និងកំពង់ផែ ដែលភ្ជាប់គ្នារវាងរដ្ឋ Kayukphyu និងរដ្ឋ Rakhine នៃសហភាព មីយ៉ានម៉ា ។
សូមបញ្ជាក់ថា នេះជាលើកដំបូងហើយសម្រាប់លោក ស៊ី ជីនពីង ជាប្រធានាធិបតីរបស់ប្រទេសចិន ចាប់តាំងពីឆ្នាំ២០០៩កន្លងមក ដែលបានធ្វើដំណើរទស្សនកិច្ចទៅកាន់សហភាពមីយ៉ានម៉ា ក្នុងគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការលើគំនិតផ្តួចផ្តើមផ្លូវមួយនិងខ្សែក្រវ៉ាត់មួយរវាងចិន និងមីយ៉ានម៉ា ៕