ម្តាយគឺជាអ្នកដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់អាហារដែលមានសារជាតិចិញ្ចឹមគ្រប់គ្រាន់ និងសមស្រប ដល់ទារក តាមរយៈគិតគូរពីការលើកកម្ពស់ស្ថានភាពអាហារូបត្ថម្ភខ្លួនឯង និងគិតគូរពីថែរទាំសុខភាពទារកឲ្យបានល្អផងដែរ។
ស្ថានភាពសុខភាពនិងអាហារូបត្ថម្ភរបស់ទារកទាក់ទងគ្នាយ៉ាងជិតស្និទ្ធជាមួយស្ថានភាពសុខភាពនិងរបបអាហារម្តាយ ដូច្នេះជាការចាំបាច់ណាស់ យើងត្រូវដោះស្រាយស្ថានភាពសុខភាព និងអាហារូបត្ថម្ភ ម្តាយ ដើម្បីលើកកម្ពស់សុខភាព និងការលូតលាស់របស់ទារកឲ្យបានល្អបំផុត កុំឲ្យទារកធ្លាក់ទៅក្នុងស្ថានភាពកង្វះអាហារូបត្ថម្ភ។
ក្នុងអំឡុងរយៈពេល ១០០០ថ្ងៃដំបូងនៃជីវិត គឺចាប់ពីពេលទារកបង្កកំណើត រហូតដល់កុមារអាយុ ២ឆ្នាំ គឺជាដំណាក់កាលដ៏សំខាន់មានឥទ្ធិពលដល់សុខភាព ការលូតលាស់ និងការអភិវឌ្ឍន៍របស់កុមារ ទាំងសរីរាង្គកាយ និងប្រាជ្ញាស្មារតី។
ប៉ុន្តែ ទោះបីដូច្នេះក៏ដោយ ស្រ្តីស្ថិតក្នុងវ័យបន្តពូជភាគច្រើនក៏នៅតែប្រឈមនឹងបញ្ហាអាហារូបត្ថម្ភដែលជាហានិភ័យរយៈពេលវែង អាចធ្វើឲ្យប៉ះពាល់ដល់ការអភិវឌ្ឍន៍ផ្នែករាងកាយ និងប្រាជ្ញាស្មារតីរបស់កុមារ។
ដូចគ្នានេះដែរ អត្រាម្តាយ ឬអ្នកថែទាំកុមារ (ម៉ែដោះ) ដែលបាននាំកុមារទៅរកសេវាថែទាំសុខភាព និងអាហារូបត្ថម្ភនៅមានកម្រិតទាបនៅឡើយ រាប់ទាំងការនាំកុមារទៅចាក់ថ្នាំបង្ការ ព្យាបាលជំងឺ និងការនាំកុមារទៅតាមដានការលូតលាស់ប្រចាំខែ និងស្តាប់ការផ្សព្វផ្សាយអប់រំអំពីការអប់រំសុខភាពជាដើម។
ដោយមើលឃើញពីសារៈសំខាន់នេះ ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ រួមជាមួយសម្ព័ន្ធសង្គមស៊ីវិលដើម្បីអាហារូបត្ថម្ភកម្ពុជា បានរៀបចំប្រារព្ធទិវាអាហារូបត្ថម្ភថ្នាក់ក្រោមជាតិ ក្រោមប្រធានបទ “ការបំបៅកូនដោយទឹកដោះម្តាយគឺជាជម្រើសដ៏ប្រសើរបំផុតសម្រាប់អភិវឌ្ឍន៍មូលធនមនុស្សនិងសេដ្ឋកិច្ចជាតិ” នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ នៅសួននាគរាជសន្តិភាព ស្ថិតក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង។