ក្រសួងរតនាគាររបស់សហរដ្ឋអាមេរិក បានចេញសេចក្តីប្រកាសមួយ កាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករានេះ ស្តីអំពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ចថ្មីទៅលើក្រុមហ៊ុនចំនួនពីរក្រុមហ៊ុន ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង និងទីក្រុងឌូបៃ ពីបទរំលោភលើទណ្ឌកម្មអាមេរិកលើប្រទេសអ៊ីរ៉ង់ ។ នេះបើតាមការចុះផ្សាយរបស់ Reuters ។
សេចក្តីប្រកាសដដែលបានឲ្យដឹងថា ក្រុមហ៊ុនទាំងពីរដែលត្រូវបានដាក់ទណ្ឌកម្មនោះ គឺក្រុមហ៊ុន Trilliance Petrochemical Co.Ltd និងក្រុមហ៊ុន Sage Energy HK Limited ដែលជាក្រុមប្រេងឥន្ធនៈនៅទីក្រុងហុងកុង ប្រទេសចិន និងនៅទីក្រុង ឌូបៃ អារ៉ាប់រួម ។
សេចក្តីប្រកាសនេះបានបញ្ជាក់ថា ទណ្ឌកម្មថ្មីរបស់អាមេរិកគឺការបង្កកសាច់ប្រាក់នៅក្នុងធនាគាររបស់ក្រុមហ៊ុនទាំងពីរ ដោយសារតែក្រុមហុ៊នទាំងពីរនេះនៅតែបន្តទំនាក់ទំនងពាណិជ្ជកម្មប្រេងជាមួយប្រទេសអ៊ីរ៉ង់ដោយបំពានទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ៕