អ្នកជំនាញខាងទេសចរណ៍របស់ប្រទេសចិនបាននិយាយថា ការផ្ទុះឡើងនៃវីរុសផ្លូវដង្ហើមកូរ៉ូណាប្រភេទថ្មីនៅប្រទេសចិនក្នុងរយៈពេលជិតមួយខែកន្លងមកនេះ មិនត្រឹមតែធ្វើអោយប៉ះពាល់ដល់វិស័យទេសចរណ៍នៅប្រទេសចិនទេ គឺធ្វើអោយប៉ះពាល់ដល់វិស័យទេសចរណ៍នៅជុំវិញពិភពលោក ដែលនេះបើតាមការចុះផ្សាយរបស់ AP នៅថ្ងៃចន្ទ ទី២៨ ខែមករានេះ ។
មូលហេតុដែលនាំអោយប៉ះពាល់ដល់វិស័យទេសចរណ៍ទាំងនៅចិន និងនៅជុំវិញពិភពលោកនេះ គឺដោយសារប្រជាពលរដ្ឋចិនរាប់រយលាននាក់មិនបានធ្វើដំណើរកម្សាន្តនៅបរទេស ហើយអ្នកទេសចរបរទេសមិនបានធ្វើដំណើរទៅកាន់ប្រទេសចិននៅថ្ងៃចូលឆ្នាំថ្មីប្រពៃណីចិន ។
កាលពីឆ្នាំ២០១៩កន្លងទៅ ក្នុងរយៈពេលប៉ុន្មានថ្ងៃនៃថ្ងៃចូលឆ្នាំចិន ជនជាតិចិនប្រមាណជាង១៣៤លាននាក់បានធ្វើដំណើរកម្សាន្តនៅបរទេស ហើយប្រទេសថៃបានទទួ លប្រាក់ចំណូលពីអ្នកទេសចរចិនជាទឹកប្រាក់ប្រមាណ៥០ពាន់លានបាត ស្មើនឹង១ពាន់៦រយលានដុល្លារអាមេរិក ៕