ភ្នំពេញ៖ លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានទទួលជួបលោក THUREING AUNG នាយកក្រុមហ៊ុន Unique Worldwide ដែលមានស្នាក់ការធំនៅប្រទេស ម៉ាឡេស៊ី កាលពីថ្ងៃទី០៥ ខែកុម្ភៈនេះ ។
ក្នុងជំនួបនេះមានគោលបំណងដាក់ទុនវិនិយោគលើការដាំដុះឫស្សីសម្រាប់ប្រើប្រាស់លើវិស័យថាមពល និងការចិញ្ចឹមចៀមនាំចេញទៅកាន់ទីផ្សារអារ៉ាប់ ។
លោកTHUREING AUNG បានជម្រាបជូនលោករដ្ឋមន្រ្តីថា ក្រុមហ៊ុនមាន បទពិសោធន៍គ្រប់គ្រាន់ទាំងការដាំ កែច្នៃ និងទីផ្សារ ដោយអនុវត្តបច្ចេកវិទ្យារបស់ប្រទេស អាឡឺម៉ង់ រួមទាំងទទួលបានការគាំទ្រហិរញ្ញវត្ថុពីសហភាពអឺរ៉ុប។ ដូច្នេះលោកសង្ឃឹមថាគម្រោងនេះ នឹងចូលរួមរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចតាមរយ:ការបង្កើនប្រាក់ចំណូលរបស់ប្រជាកសិករ ជាពិសេសប្រជាសហគមន៍ព្រៃឈើដែលមានសក្តានុពលយ៉ាងល្អក្នុងការដាំឫស្សី និងចិញ្ចឹមចៀម ដែលជាប្រភពចំណូលប្រចាំគ្រួសារ។
លោករដ្ឋមន្ត្រីវេង សាខុន បានស្វាគមន៍ និងគាំទ្រ ចំពោះទស្សន វិស័យរបស់ក្រុមហ៊ុនលើការវិនិយោគដាំឫស្សី និងចិញ្ចឹមចៀម ព្រោះ ថា កម្ពុជាមានធនធានឫស្សីយ៉ាងច្រើន ហើយលក្ខណ:អំណោយផលក្នុង ការដាំដុះក៏ល្អប្រសើរ ប៉ុន្តែយើងនៅមិនទាន់ប្រើប្រាស់ធនធានឫស្សីឱ្យអស់សក្តានុពលរបស់វា ។
គម្រោងវិនិយោគនេះ អាចនឹងធ្វើឱ្យធនធានមួយនេះមានតម្លៃបន្ថែមទ្វេរឡើង និងជាពិសេសនឹងធ្វើការទាក់ទាញផលិតកម្មឫស្សីឱ្យមានពហុប្រយោជន៍ ដើម្បីចូលរួមអភិវឌ្ឍន៍សហគមន៍តាមរយ: ការលើកកម្ពស់ផលិតភាពផលិតកម្មឫស្សី និងការចិញ្ចឹមសត្វ បង្កើតការងារ បណ្តុះបណ្តាលជំនាញ និងបង្កើនប្រាក់ចំណូល។
លោករដ្ឋមន្ត្រីបានណែនាំឱ្យក្រុមហ៊ុនធ្វើការសិក្សាលម្អិតជា មួយរដ្ឋបាលព្រៃឈើ ដោយគួរជ្រើសរើសសហគមន៍ព្រៃឈើណាមួយធ្វើជាគំរូ និងរកដៃគូឯកជនសហការរួមគ្នាវិនិយោគលើផលិតកម្មឫស្សីនេះ ៕