លោក ច័ន្ទ សុផល ប្រធានមជ្ឈមណ្ឌលសិក្សាគោលនយោបាយបានថ្លែងបញ្ជាក់តាមរយ:ហ្វេសប៊ុករបស់ផ្ទាល់ខ្លួនថា ឥឡូវកម្ពុជាត្រូវបង់ពន្ធលើទំនិញនាំទៅអឺរ៉ុប ចំនួន ២០% នៃ ទំនិញនាំចេញសរុបទៅសហគមន៍នោះ ដោយ ៨០% ទៀតនៅរួចពន្ធដដែល។
លោកបានថ្លែងថា តាមការវាយតម្លៃជាបឋមរបស់ខ្ញុំ ពន្ធលើទំនិញ២០%នេះ មានកម្រិតប្រហែល ១០០លានដុល្លារ ក្នុង ១ឆ្នាំ។ បរិមាណនេះ មិនច្រើនពេកទេ បើគិតក្នុងបរិបទសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន។
លោកពន្យល់ថា វាត្រូវជា ១,១% នៃការនាំចេញសម្លៀកបំពាក់និងស្បែកជើងសរុប។ វាត្រូវជា ១,២% នៃចំណាយថវិកាជាតិ និងត្រូវជា ០,៣៥% នៃ ផលិតផលសរុបក្នុងស្រុក (GDP)។ វាមិនធ្វើឱ្យសេដ្ឋកិច្ចថមថយខ្លាំង ឬក៏ដួលរលំនោះទេ។
អ្នកវិភាគសេដ្ឋកិច្ចអះអាងថា “ខ្ញុំយល់ថា វាជាឱកាសល្អសម្រាប់កម្ពុជា (ទាំងរដ្ឋាភិបាល ទាំងវិស័យឯកជន ទាំងកម្មករ) ដែលត្រូវរៀនរស់ដោយគ្មានភាពអនុគ្រោះពីគេ ជាបណ្តើរៗ ព្រោះថា ៥ឆ្នាំទៀត គេនឹងតម្រូវឱ្យបង់ពន្ធ ១០០% ហើយ ខណៈដែលកម្ពុជាជាក់ច្បាស់ថាបានរីកចម្រើនឡើងផុតពីចំណោមប្រទេសដែលមានការអភិវឌ្ឍតិចតួច (Least Developed Countries – LDCs)”។
សម្រាប់ ភាពអនុគ្រោះពន្ធនេះ គេឱ្យសម្រាប់តែប្រទេស LDCs ដែលបច្ចុប្បន្ននេះ មានចំនួន៤៨ ក្នុងចំណោមជាង ២០០ប្រទេស ក្នុងពិភពលោកទាំងមូល។
អ្នកជំនាញបន្ថែមថា ម្នាក់ៗតែងតែចង់ឱ្យប្រទេសខ្លួនឡើងជាប្រទេសមានចំណូលមធ្យម និងចំណូលខ្ពស់។ ដូចនេះ យើងត្រូវតែខំប្រឹងប្រែងទាំងអស់គ្នាឡើង។
គណៈកម្មការរបស់សហភាពអឺរ៉ុបបានបើកិច្ចប្រជុំមួយនៅទីក្រុងព្រូសែល ប្រទេសប៊ែលហ្ស៊ិក នៅថ្ងៃពុធ ទី១២ ខែកុម្ភៈនេះ ស្តីពីប្រព័ន្ធអនុគ្រោះពន្ធលើកម្ពុជា ហើយគណៈកម្មការនេះបានសម្រេចដកការអនុគ្រោះពន្ធលើមុខទំនិញខ្លះពីកម្ពុជា ដែលនេះបើតាមសេចក្តីប្រកាសរបស់គណៈកម្មការអឺរ៉ុប ។
មុខទំនិញដែលអឺរ៉ុបនឹងយកពន្ធលើការនាំចូលពីកម្ពុជា គឺមានផលិតផលសម្លៀកបំពាក់ ស្បែកជើង ផលិតផលសម្រាប់ធ្វើដំណើរនិងស្ករស ហើយការយកតម្លៃពន្ធនាំចូលពីកម្ពុជានេះ នឹងមានសុពលភាពក្នុងរយៈពេល៦ខែខាងមុខ គឺចាប់ពីខែសីហា ឆ្នាំ២០២០នេះទៅ ។
សេចក្តីប្រកាសរបស់គណៈកម្មការអឺរ៉ុបបានបង្ហញថា ការដកប្រព័ន្ធអនុគ្រោះពន្ធលើផ្នែកខ្លះពីកម្ពុជានេះ គឺស្មើនឹង១ភាគ៥នៃទំនិញសរុបរបស់កម្ពុជាក្នុងការនាំចួលទីផ្សាររបស់សហភាពអឺរ៉ុប ឫស្មើនឹងទឹកប្រាក់ប្រមាណ១ពាន់លានអឺរ៉ូក្នុងមួយឆ្នាំ ៕