ព្រះសីហនុ៖ លោកគួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំលើសំណើសុំអនុញ្ញាត ជួសជុល កែលម្អ និងពង្រីកឆ្នេរខ្សាច់លំហែកាយ កោះពស់ របស់ក្រុមហ៊ុនកោះពស់ ខេមបូឌា អ៊ីនវេសមេនគ្រុប អិលធីឌី ។
លោក Karkov Pavel តំណាងក្រុមហ៊ុន កោះពស់ ខេមបូឌា អ៉ិនវេសមេន គ្រុប អិលធីឌី បានបញ្ជាក់ថា ក្រុមហ៊ុនទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលនូវគម្រោងអភិវឌ្ឍន៍នៅលេីកោះពស់មានទំហំ ១១៦ហិកតា។ ក្នុងគម្រោងសាងសង់ស្ពានឆ្លងសមុទ្រប្រវែង ៩០០ម៉ែត្រ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធលើកោះពស់ មានដូចជា ផ្លូវបេតុងបាន ៦០ភាគរយ នៃផ្លូវប្រវែងជាង ៥គីឡូម៉ែត្រ និងហេដ្ឋារចនាសម្ព័ន្ធ ភូមិគ្រឹះ៣៦ ។ ប៉ុន្តែបច្ចុប្បន្ននេះ ក្រុមហ៊ុនបាន សាងសង់ភូមិគ្រឹះបាន១៨ ទន្ទឹមនោះរក្សាព្រៃឈើនៅលើកោះពស់បាន ៦០ភាគរយ ព្រមទាំងបានរៀបចំប្រព័ន្ធទឹកស្អាត និងភ្លើងរួចរាល់ ក្រៅពីប្រព័ន្ធផ្លូវមេ នឹងសាងសង់ផ្លូវតូចៗជាច្រើនទៀត ។ ការអភិវឌ្ឍនៅលើកោះពស់ គឺដើម្បីបំរើសេវាទេសចរណ៍ ។
លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំក្រុមហ៊ុនកោះពស់ ចំនួនពីរចំនុចរួមមាន ៖
ទី១. នៅថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២០ ខាងមុខនេះ រដ្ឋបាលខេត្តព្រះសីហនុ នឹងដឹកនាំមន្ត្រីជំនាញចុះពិនិត្យពីស្ថានភាព នៃការអភិវឌ្ឍរបស់ក្រុមហ៊នជាក់ស្តែង ដើម្បីបញ្ជាក់ពីភាពច្បាស់លាស់។ ទី២.ក្រុមហ៊ុនត្រូវធ្វើ ផែនការមេ ឱ្យខានតែបាន បើមានផែនការមេ រដ្ឋបាលខេត្តគាំទ្រ និងឯកភាពដោយផ្អែកតាមផែនការមេ គោរពទៅតាមបទដ្ឋានបច្ចេកទេស ដែលទទួលស្គាល់ដោយមន្ទីរ និងស្ថាប័នជំនាញ៕