នាយករដ្ឋមន្ត្រីរបស់ប្រទេសចិន លោក លី ខឺឈាំង បានថ្លែងកាលពីថ្ងៃអង្គារ ទី២៥ ខែកុម្ភៈនេះថា រដ្ឋាភិបាលរបស់ប្រទេសនេះនឹងបង្ហាញវិធានការផ្នែកហិរញ្ញវត្ថុក្នុងការជួយជ្រោមជ្រែងដល់ក្រុមហ៊ុនតូចៗរបស់ខ្លួនកុំអោយដួលរលំដោយសារការផ្ទុះឡើងនៃវីរុសខូវីដ-១៩ ដែលនេះបើតាមការចុះផ្សាយរបស់ ស៊ីនហួ (Xinhua) ។
លោក លី ខឺឈាំង បានបន្តថា រដ្ឋាភិបាលចិននឹងផ្តល់កម្ចីប្រមាណ៥០០ពាន់លានយ័ន ស្មើនឹង៧១.២ពាន់លានដុល្លារអាមេរិក ដល់ធនាគារខ្នាតតូច និងមធ្យម ដែលជាមធ្យោបាយគាំទ្រផ្នែកហិរញ្ញវត្ថុដល់វិស័យធនាគារ ។
ក្រុមសេដ្ឋវិទូចិនបាននិយាយថា ការឆ្លងរាលដាលនៃវីរុសខូវីដ-១៩ នឹងធ្វើអោយប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចចិននៅពេលខាងមុខ ជាពិសេសគឺប៉ះពាល់ដល់ក្រុមហុនតូចៗដែលមានធនធានតិច ៕